Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដំឡូងមីដោយប្រើប្រាស់ពូជថ្មីខេយូ៥០

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកទឹកចិត្តដល់កសិករ នៅខេត្ត ស្ទឹងត្រែង ដាំដំឡូង មីពូជខេយូ៥០ឱ្យបានច្រើន ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារ  ខណ:ឆ្នាំ២០២១ កន្លងមក កម្ពុជានាំចេញ ផលដំឡូងមីបានជាង១៤លានតោន។

ក្នុងពិធីប្រគល់ផ្ទះសំណាញ់សម្រាប់ការពង្រីកពូជដំឡូងមីឆាប់រហ័សនិងគ្មានជំងឺនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១១ឧសភា ឯកឧត្តមវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទមានប្រសាសន៍ថា ឆ្នាំ២០២២នេះ កសិករត្រូវនាំគ្នាដាំដំឡូងមីឱ្យបានច្រើន  ព្រោះនៅខេត្ត ស្ទឹង ត្រែងមានផ្ទះសំណាញ់ជាមូលដ្ឋានដ៏មានសារសំខាន់សម្រាប់ឱ្យមន្ត្រីបច្ចេកទេសរៀបចំបណ្តុះពូជឈានទៅពង្រីកធនធាននៅក្នុងស្រុកទាំងបរិមាណនិងគុណភាពផ្តល់ទៅកសិករដែលមានលទ្ធភាព  ក្នុងការដាំដំណាំ ដំឡូងមីឱ្យបានច្រើនទទួលបានទិន្នផលខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថានេះជាដំណាំផ្នែកយុទ្ធសាស្ត្រមួយបានជួយកែប្រែជីវភាពរស់នៅរបស់ប្រជាកសិករ  ព្រោះផ្ទៃដីនៅខេត្តស្ទឹងត្រែង អំណោយផល ទៅលើដំណាំដំឡូងមី ទើបក្រសួងកសិកម្ម ស្វែងរកពូជធន់នឹងជំងឺមកជូនកសិករដើម្បីជំរុញដល់ការផលិត។ ដំឡូងមីនេះគឺមិនអាចចោលបានទេ គឺក្នុងរយៈពេលវែងទៅយើងត្រូវតែជំរុញការផលិតដំឡូងមីនេះ ឱ្យបានច្រើន ដែលកសិករអាចស្រូបយក នូវប្រាក់ចំណូល ពីផលិតផលដំឡូងមីនេះ អ៊ីចឹងហើយបានជាក្រសួងខិតខំប្រឹងប្រែង រឿងបញ្ហាដំឡូងមីនេះ ដែលចាត់ទុកថាជាផលិតផលមួយមានសារសំខាន់“។

ឯកឧត្តម ស្វាយសំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថានៅខេត្តស្ទឹងត្រែងមាន កសិករប្រមាណជាង ៨០%បានប្រកបរបរកសិកម្ម ហើយបច្ចុប្បន្នពួកគាត់កំពុងប្រែក្លាយ ផ្ទៃដីដែលនៅទំនេរមក ដាំដុះដំណាំឧស្សាហកម្ម ដូចជាស្វាយចន្ទី កៅស៊ូ ស្វាយកែវ រមៀត និងដំណាំដំឡូងមីដែលផុលផុសជាងគេ។

លោកស្រី អេមប៊ើ សឺនៅភារធារីអមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានបញ្ជាក់ថា ៖ចំណុចនេះហើយដែល រដ្ឋាភិបាលអូស្ត្រាលីផ្តល់ផ្ទះសំណាញ់សម្រាប់ការពង្រីកពូជដំឡូងមីសម្រាប់ផ្ដល់ជូនទៅកសិករដាំព្រោះវាធន់នឹងជំងឺហើយទទួលបានទិន្នផលច្រើន មានទីផ្សារនាំចេញល្អជាងដំណាំឧស្សាហកម្មផ្សេងៗទៀត។

លោកស្រីឃីមសំហាក់កសិករនៅភូមិឃុំកំភុនស្រុកសេសាន បានសំដែងការសាទរចំពោះការ យកចិត្តទុកដាក់របស់ក្រសួងកសិកម្មក៏ដូចជាអាជ្ញាធរខេត្តក្នុងការជួយរកពូជដំឡូងមីដែលធន់នឹងជំងឺអាចយកមកដាំដុះទទួល បានផលច្រើននិងបានជំរុញឱ្យវិស័យកសិកម្មនៅខេត្តស្ទឹងត្រែងកាន់តែមានភាពរីក ចម្រើនឡើង ។សូមបញ្ជាក់ថា គម្រោងផ្ទះសំណាញ់នេះត្រូវបានគាំទ្រដោយមូលនិធិរដ្ឋាភិបាលអូស្ត្រា លីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្ត្រាលីអនុវត្តដោយក្រុមហ៊ុនខាតណូអីមើជីងម៉ាឃីតនិងគាំទ្របច្ចេកទេសដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិករតំបន់ត្រូពិក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook