Soeun 12 May 2022បាងកក ៖ បុរសម្នាក់ ដែលអះអាងថាជា “បិតានៃសាសនាទាំងពួង” និងបានប្រាប់សាវ័ករបស់គាត់ឱ្យស៊ីលាមករបស់គាត់ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ជាច្រើន បន្ទាប់ពីសាកសពចំនួន ១១ នាក់ដែលភាគច្រើនជាសពសាវ័ករបស់គាត់ត្រូវបានរកឃើញនៅឯកន្លែងបោះជំរំរបស់គាត់ក្នុងខេត្តឆៃយ៉ាភូមិភាគកណ្តាលប្រទេសថៃ។
អភិបាលខេត្តឆៃយ៉ាភូមិលោក ក្រៃសន គង់ឆាឡាដ (Kraisorn Kongchalard) បាននិយាយកាលពីថ្ងៃចន្ទ ទី៩ ឧសភាថា មេដឹកនាំសាសនា ដែលគេស្គាល់ត្រឹមឈ្មោះថា ថាវី (Thawee) អាយុ ៧៤ ឆ្នាំគឺជាប្រជាជននៅស្រុកណុងរួ (Nong Rua) នៃខេត្តខុនខែន (Khon Kaen) ។
គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅពេលដែលគ្រូមន្តអាគមដ៏ល្បីលោក ជីរ៉ាផាន ផេតខៅ (Jiraphan Phetkhao) ដែលគេស្គាល់ថា ម័រផ្លា (Mor Pla)បានដឹកនាំប៉ូលិសនិងអាជ្ញាធរពីស្ថាប័នរដ្ឋាភិបាលផ្សេងទៀតដើម្បីឆ្មក់ចូលកន្លែងបោះជំរំដែលមានទីតាំងនៅក្នុងព្រៃក្នុងភូមិមួយក្នុងតំបន់ដុងក្លាង (Dong Klang) នៃស្រុកខុនសាន (Khon San) ខេត្តឆៃយ៉ាភូមិ។
លោកជីរ៉ាផានអះអាងថាមានអំណាចពិសេសក្នុងការជួយប្រជាជនដែលរងផលប៉ះពាល់ដោយព្រលឹងព្រាយបិសាចនិងដំណើរការកម្មវិធីទូរទស្សន៍មួយដែលគាត់ធ្វើយុទ្ធនាការប្រឆាំងនឹងអ្នកដែលគាត់ហៅថាសង្ឃក្លែងក្លាយនិងសង្ឃដែលបំពានច្បាប់ព្រះសង្ឃ។
លោកជីរ៉ាផាននិយាយថា ស្ត្រីម្នាក់បានសុំគាត់ឱ្យជួយ បន្ទាប់ពីម្តាយរបស់គាត់បានទៅកន្លែងបោះជំរំនេះ ដែលសាវ័កចាត់ទុកថាជា “អាស្រមឥសី” ហើយមិនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញទេ។
លោកស្រី ជេនជីរ៉ា (Jenjira)អាយុ ៥៣ ឆ្នាំ រស់នៅខេត្តខុនខែនបានប្រាប់លោកជីរ៉ាផានថា ម្តាយរបស់គាត់ឈ្មោះណយ (Noi) អាយុ ៨០ ឆ្នាំបានទៅអាស្រមឥសីនេះហើយមិនទាន់បានត្រឡប់មកផ្ទះវិញទេ ដោយនិយាយថា ក្រោយមកគាត់បានដឹងថា សាវ័កទាំងអស់ត្រូវហូបស្លេស ទឹកនោម លាមក និង អង្គែ “លោកឪ” ថាវី ព្រោះកាកសំណល់ទាំងអស់ពីខ្លួនគាត់អាចព្យាបាលជំងឺគ្រប់មុខ។
នៅពេលដែលលោកម័រផ្លា អភិបាលខេត្តឆៃយ៉ាភូមិ និងប៉ូលិស បានទៅដល់ជាមួយអាជ្ញាធរផ្សេងទៀតនៅឯកន្លែងបោះជំរំ ពួកគេបានឃើញលោកថាវីត្រូវបានឡោមព័ទ្ធដោយសាវ័កប្រហែល ៣០ នាក់ ដែលមើលទៅជាមនុស្សវ័យកណ្តាលនិងមនុស្សចាស់។ពួកគេបានស្នាក់នៅជាមួយគ្នាក្នុងអាស្រមឈើធំមួយ ដែលដំបូលប្រក់ស្លឹកស្មៅ។
ពេលសមត្ថកិច្ចទៅដល់ គ្មានអ្នកណាម្នាក់ក្នុងអាស្រមពាក់ម៉ាស់ការពារខ្លួនពីកូវីដ១៩នោះទេ។
សាវ័កទាំងអស់បានបញ្ជាក់ពីជំនឿរបស់ពួកគេទៅកាន់អាជ្ញាធរថា ពួកគេគិតថាលោកថាវីជា “បិតាព្រះ” ដែលអាចព្យាបាលពួកគេពីជំងឺគ្រប់មុខ៕






ឥសីថាវីត្រូវអាជ្ញាធរចាប់ខ្លួន នៅឯកន្លែងបោះជំរំរបស់គាត់ក្នុងខេត្តឆៃយ៉ាភូមិ។អាជ្ញាធរនិយាយថាក្រុមនេះបានមកតាំងនៅទីនេះអស់បួនឆ្នាំមកហើយតែគ្មាននរណាដឹងដោយសារវាស្ថិតនៅតំបន់ដាច់ស្រយាល
អ្នកជឿលើមេដឹកនាំសាសនានៅពពាក់ពពូនជុំវិញពេលអាជ្ញាធរចុះទៅដល់



សកសពមនុស្សត្រូវបានរកឃើញនៅក្រៅអាស្រម