ភ្នំពេញៈ ក្រសួង ទេសចរណ៍ និង គណៈកម្មាធិការ ជាតិ វាយតម្លៃ ទីក្រុង ស្អាត បាន សម្រេច បន្ត កិច្ចសហការ ជាមួយ អង្គការ River Ocean Cleanup និង Everwave ដោយបាន ចុះ អនុស្សរណៈ នៃ ការយោគយល់ គ្នា ដើម្បី ពង្រីក វិសាលភាព នៃ យុទ្ធនា ការសម្អាត ទន្លេ ទៅតាម បណ្តា ខេត្ត នៅ កម្ពុជា បន្ទាប់ពី ទទួលបាន លទ្ធផល ល្អ ក្នុង យុទ្ធនា ការសម្អាត ទន្លេ ទាំង ៣ ក្នុង រាជធានី ភ្នំពេញ ។
ក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ពី យុទ្ធនាការ សម្អាត ទន្លេ ដោយ ប្រើប្រាស់ ទូក ប្រមូល សំរាម បំពាក់ បច្ចេកវិទ្យា ថ្មី របស់ អាល្លឺម៉ង់ CollectiX នាព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២នេះ លោក ជា បូរ៉ា រដ្ឋលេខាធិការ ក្រសួង ទេសចរណ៍ និង ជា អនុប្រធាន គណៈកម្មាធិការ ជាតិ វាយតម្លៃ ទីក្រុង ស្អាត បាន ថ្លែងថា សព្វថ្ងៃនេះ យុទ្ធនាការសម្អាត ទន្លេ នេះ កំពុង អនុវត្ត យ៉ាងសកម្ម ជាមួយ ដៃគូ អនុវត្តន៍ ក្នុង ការប្រមូល សំរាម ចេញពី ដង ទន្លេ នៅ រាជធានី ភ្នំពេញ ។
លោក ជា បូរ៉ា មានប្រសាសន៍ ថា៖ « ដោយ មើលឃើញ ពី លទ្ធផល និង សក្តានុពល នៃ យុទ្ធនាការ សម្អាត ទន្លេ នេះ ក្រសួង ទេសចរណ៍ និង គណៈកម្មាធិការ ជាតិ វាយតម្លៃ ទីក្រុង ស្អាត បាន អនុញ្ញាត ជាគោលការណ៍ ក្នុង ការបន្ត កិច្ចសហការ ជាមួយ អង្គការ River Ocean Cleanup និង Everwave ដើម្បី ពង្រីក វិសាលភាព នៃ យុទ្ធនា ការសម្អាត ទន្លេ នេះ ទៅតាម បណ្តា ខេត្ត នៅ ទូទាំងប្រទេស កម្ពុជា ក្នុងការ សម្អាត ទន្លេ បឹងបួ ដែល កំពុង ជួបប្រទះ បញ្ហា បំពុល ដោយ សំរាម » ។
យោងតាម ក្រសួង ទេសចរណ៍ បានឱ្យ ដឹងថា កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការ ជាតិ វាយតម្លៃ ទីក្រុង ស្អាត ក្រសួង ទេសចរណ៍ បាន សហការ ជាមួយ សហគ្រាស សង្គម , អង្គការ Everwave, អង្គការ River Ocean Cleanup និង សាលា រាជធានី ភ្នំពេញ ចាប់ផ្តើម អនុវត្ត យុទ្ធនាការ សម្អាត ទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ។
លោក ជា បូរ៉ា បាន បញ្ជាក់ថា ៖ « ដូច នេះ ជា សក្ខីភាព នៃ កិច្ចសហការ គណៈកម្មាធិការ ជាតិ វាយតម្លៃ ទីក្រុង ស្អាត រួម នឹង ក្រសួង ទេសចរណ៍ ចុះ អនុស្សរណៈ យោគយល់ គ្នា (MoU) ស្តីពី បេសកកម្ម សម្អាត ទន្លេ ជា ប្រវត្តិសាស្ត្រ សំដៅ លើកកម្ពស់ ទីក្រុង ស្អាត និង វិស័យ ទេសចរណ៍ ជាមួយ នឹង អង្គការ River Ocean Cleanup និង Everwave នៅថ្ងៃនេះ » ។
ជាមួយ គ្នានេះ លោក ជា បូរ៉ា បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ទាំងអស់ ឱ្យ ចូលរួម សម្អាត ទន្លេ ដងស្ទឹង បឹងបួ និង បញ្ឈប់ ការ ចោល សំរាម ឥត សណ្តាប់ធ្នាប់ ដើម្បី ចូលរួម ថែរក្សា បរិស្ថាន ធម្មជាតិ ទាំងអស់គ្នា ដើម្បី សម្រេចបាន នូវ ភាព ស្អាត ដែលមាន សារៈសំខាន់ បំផុត ក្នុងការ ថែរក្សា និង បង្កើន ទេសភាព ស្រស់ត្រកាល បរិស្ថាន ល្អ អនាម័យ និង ជា តម្រូវការ ចាំបាច់ សម្រាប់ ការជំរុញ ការស្តារ វិស័យ ទេសចរណ៍ ក្នុង និង ក្រោយ វិបត្តិ ជំងឺ កូវីដ ១៩ ។
ប្រធាន នាយកដ្ឋាន សេវា គាំពារ ទីក្រុង ស្អាត និង ជំរុញ ការប្រឡង ប្រណាំង នៃ ក្រសួង ទេសចរណ៍ លោក ហ៊ួត រិទ្ធី បាន ថ្លែង ដែរ ថា យុទ្ធនាការ សម្អាត ទន្លេ នេះ គ្រោង នឹង ពង្រីក វិសាលភាព ទៅ ទូទាំង ប្រទេស កម្ពុជា ដើម្បី ដោះស្រាយ បញ្ហា បំពុល ដោយ សំរាម នៅក្នុង ទឹក ។
លោក បាន បញ្ជាក់ថា៖ « ក្នុងន័យនេះ ក្រុម ការងារ ស្នើសុំ កិច្ចសហការ ពី អាជ្ញាធរ មូលដ្ឋាន នៅតាម បណ្តា ខេត្ត ទាំងអស់ ដើម្បី ជ្រើសរើស ទីតាំង និង ផ្តល់ កិច្ចសហការ ដើម្បី ការអនុវត្ត យុទ្ធនាការ នេះ សម្រេច បាន ប្រកបដោយ ភាពជោគជ័យ » ។
លោក ហ៊ួត រិទ្ធី បានបញ្ជាក់ ទៀតថា ប្រសិនបើ នៅតាម ដង ទន្លេ ឬ កន្លែង ណាមួយ មាន សំរាម នៅក្នុង ទឹក អាជ្ញាធរ ខេត្ត នីមួយៗ ឬ អាជ្ញាធរ មូលដ្ឋាន អាច ស្នើសុំ ទូក នេះ ដើម្បី ចុះទៅ ប្រមូល សំរាម នៅក្នុង មូលដ្ឋាន របស់ខ្លួន បាន ហើយ ក្រុមការងារ គណៈកម្មាធិការ ជាតិ វាយតម្លៃ ទីក្រុង ស្អាត នឹង ផ្ដល់ កិច្ចសហការ ជាមួយ ។
លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ និង ជា ប្រធាន គណៈកម្មាធិការ ជាតិ វាយតម្លៃ ទីក្រុង ស្អាត ធ្លាប់បាន លើកឡើងថា យុទ្ធនាការ សម្អាត ទន្លេ មេគង្គ ទន្លេសាប និង ទន្លេបាសាក់ ក្នុង រាជធានី ភ្នំពេញ ដោយ ប្រើប្រាស់ ទូក ប្រមូល សំរាម បំពាក់ បច្ចេកវិទ្យា ថ្មី របស់ អាល្លឺម៉ង់ ជា បេសកកម្ម ដំបូង ដ៏ សំខាន់ មួយ សម្រាប់ កម្ពុជា ក្នុងការ ចូលរួម ចំណែក ធ្វើឱ្យ ទន្លេ ស្អាត ទីក្រុង ស្អាត ពិសេស ចូលរួម ក្នុង យុទ្ធនា ការប្រឡង ប្រណាំង ទីក្រុង ស្អាត នៅ កម្ពុជា ។
លោក ថ្លែងថា ៖ « យើង មាន ការចូលរួម ពី ប្រជាពលរដ្ឋ ប៉ុន្តែ បញ្ហា បច្ចេកទេស និង ឧបករណ៍ គឺជា បញ្ហាសំខាន់ ដោយសារ ទោះបី យើង មាន ឆន្ទៈ មាន ការ ចូលរួម របស់ ប្រជាពលរដ្ឋ តែ យើង ខ្វះ បច្ចេកទេស ក៏ មិនអាច ទៅរួច ដែរ » ។
គួរបញ្ជាក់ ផងដែរ ថា នៅតាម ដងទន្លេ ឬ កន្លែង ណាមួយ ដែលមាន សំរាម ក្នុង ទឹក ហើយ ចង់ ប្រើប្រាស់ ទូក ប្រមូល សំរាម នេះ អាជ្ញាធរ រាជធានី ខេត្ត អាច ស្នើ ទៅ គណៈកម្មាធិការ ជាតិ វាយតម្លៃ ទីក្រុង ស្អាត សុំ ទូក នេះ ចុះទៅ ប្រមូល សំរាម ក្នុង មូលដ្ឋាន របស់ខ្លួន បាន ៕