កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នំា ២០២២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបចំវេទិកាសាធារណៈប្រចំាខែរបស់ខ្លួន ដើម្បីត្រួតពិនត្យ និងគំាទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ។
វេទិកាសាធារណៈនេះ ប្រារព្ធធ្វើឡើងនៅក្នុងវត្តសំរោង ឃុំមនោរម្យ ស្រុកថ្ពង និងដឹកនំាដោយឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមដំណើរដោយ សមាជិកក្រុមការងារ ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរដែនដី និងមានប្រជាពលរដ្ឋ ចូលរួមជាង១០០ នាក់ ។
មន្រ្តីជំនាញក្នុងក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយមន្ត្រីស្រុក និងឃុំ បានរួមគ្នាដោះស្រាយ នៅនឹងកន្លែងនូវបញ្ហា និងសំណូមពរ ទាំងអស់ចំនួន ៤ ដែលពលរដ្ឋលោកបានលើកឡើងក្នុងពេលនោះ ។ បញ្ហា និងសំណូមពរទំាងនោះរួមមាន មេភូមិតាំងរលាំង បានលើកឡើងពីសំណើសុំតភ្លើងឱ្យប្រជាពលរដ្ឋក្នុងភូមិចំនួន៤៤ គ្រួសារ ដែលបានរង់ចាំជាយូរមកហើយ មេភូមិចំបក់ផ្អែម បានស្នើសុំកាយប្រឡាយបង្ហូរទឹកភ្លៀង ដែលបានហូរលិចលង់ផ្ទះ និងផលដំណាំប្រជាពលរដ្ឋ ព្រមទំាងឲ្យខាងស្ថាប័ន អគ្គិសនីពិនិត្យមើលភ្លើងដាច់ញឹកញាប់ តែថ្លៃភ្លើង ឡើងខ្ពស់ មេភូមិច្រកថ្លង់សុំស្ថាប័នអគ្គិសនីបង្កើនវ៉ាត់អគ្គិសនី ព្រោះភ្លើងខ្សោយ ស្ទើរប្រើការមិនកើត ហើយមេភូមិថ្នល់ បានស្នើឱ្យលើកប្រអប់ភ្លើងឡើងខ្ពស់បន្តិច ដើម្បីឱ្យផុតពីដៃក្មេង។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានជម្រាបជូនបងប្អូនពលរដ្ឋ ដែលបានចូលរួម អំពីយុទ្ធសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីប្រឆំាងនឹងការរាតត្បាតរបស់កូវីដ ១៩ រហូតទទួលបានជោគជ័យ ធ្វើឲ្យប្រទេសនានា សម្តែងការកោតសរសើរ ដោយសម្តេចបានដាក់ចេញវិធានការចាក់វ៉ាក់សំាង ចាប់ពី ដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ដល់ប្រជាពលរដ្ឋចាប់ពីវ័យកុមារ រហូតដល់វ័យចាស់ជរានៅទូទំាងប្រទេស ។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ក៏បានជំរាបបងប្អូនចូលរួមក្នុងវេទិកាអំពីការអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក របស់សម្តេចនាយក រដ្ឋមន្ត្រី តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោកចូបៃដិន ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ក្នុងនាមសម្តេចជាប្រធានប្តូរវេនរបស់អាស៊ាន ។
នៅចុងបញ្ចប់ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេស ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិត ក្រុមគ្រួសារ ៕