Soeun 13 May 2022 ៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះក្នុងការរុករកលើព្រះចន្ទនិងទីអវកាសគឺជាជំហានដំបូងឆ្ពោះទៅរកការដាំរុក្ខជាតិនៅថ្ងៃណាមួយសម្រាប់អាហារនិងអុកស៊ីសែននៅលើឋានព្រះចន្ទឬអំឡុងពេលបេសកកម្មក្នុងលំហ។
នៅក្នុងការសិក្សាថ្មី អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យផ្លរីដាបានបង្ហាញថា រុក្ខជាតិ Arabidopsis (ពូជរបស់ស្ពៃខ្មៅ)អាចដុះពន្លកនិងលូតលាស់ដោយជោគជ័យនៅក្នុងដីដែលប្រមូលបានពីបេសកកម្មយាន Apollo 11, 12 និង 17 ។
ការសិក្សារបស់ពួកគេក៏បានស៊ើបអង្កេតពីរបៀបដែលរុក្ខជាតិឆ្លើយតបបែបជីវសាស្ត្រទៅនឹងដីរបស់ព្រះចន្ទផងដែរ ដែលគេស្គាល់ថា រជ្ជៈសីលា ដែលខុសពីដីនៅលើផែនដី។
ការស្រាវជ្រាវនេះកើតឡើងនៅពេលដែលកម្មវិធីយាន Artemis គ្រោងនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទ។
លោក រ៉ប់ ហ្វើល (Rob Ferl) ជាអ្នកនិពន្ធការសិក្សានិងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសាកវប្បកម្មនៅវិទ្យាស្ថានអាហារនិងវិទ្យាសាស្ត្រកសិកម្ម UF (UF/IFAS) បាននិយាយថា”ការបង្ហាញថារុក្ខជាតិនឹងដុះនៅលើដីព្រះចន្ទពិតជាជំហានដ៏ធំមួយក្នុងទិសដៅដើម្បីពួកយើងអាចធ្វើអាណានិគមលើព្រះចន្ទ”។
លោកបានបន្ថែមថា វាក៏សំខាន់ផងដែរក្នុងការបង្ហាញថា ដីព្រះចន្ទមិនមានគ្រោះថ្នាក់ដល់ជីវិតលើផែនដីទេ ហើយក៏បង្ហាញដែរថា ជីវិតនៅលើផែនដីអាចបង្កើតខ្លួនឯងនៅលើព្រះចន្ទ៕

រុក្ខជាតិ Arabidopsis អាចដាំដុះលើដីព្រះចន្ទ