អង្គការសហប្រជាជាតិបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សសរុបចំនួន ៦,០២៩,៧០៥នាក់បានរត់គេចចេញពីប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃទី១១ ខែឧសភាសប្ដាហ៍នេះ។ យោងតាមគេហទំព័ររបស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិឲ្យដឹងថា ជនភៀសខ្លួនភាគច្រើនបានធ្វើដំណើរទៅកាន់បណ្ដាប្រទេសជិតខាងអ៊ុយក្រែន មុនពេលបន្តដំណើរទៅមុខ ខណៈប្រទេសប៉ូឡូញកំពុងទទួលចំនួនជនភៀសខ្លួនអ៊ុយក្រែនច្រើនជាងគេបំផុត។
ស្ត្រី និងកុមារមានប្រមាណ 90% នៃជនភៀសខ្លួនទាំងអស់ដោយសារបុរសអ៊ុយក្រែនមានអាយុចន្លោះពី ១៨ ដល់ ៦០ឆ្នាំមិនអាចឲ្យចាកចេញពីប្រទេសបាន ព្រោះតែត្រូវចូលបម្រើកងទ័ព។ នៅក្នុងរយៈពេលពេញមួយខែមីនា ជនជាតិអ៊ុយក្រែនជិត ៣.៤លាននាក់បានរត់ចេញពីប្រទេសនេះ។ ទិន្នន័យនោះបានធ្លាក់ចុះប្រមាណ ១.៥លាននាក់កាលពីខែមេសា៕


