រុស្សី៖ ការិយាល័យប្រធានាធិបតីរុស្ស៊ីនិយាយថា ប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃ សម្ព័ន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ីនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ មានCNA នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។
ការិយាល័យបាននិយាយថា មេដឹកនាំនៃប្រទេសសមាជិកទាំងប្រាំមួយ នៃអង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព ឬ CSTO នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងមូស្គូនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយ។
អ្នកចូលរួមរួមមានដូចជា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko និងប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev។
កិច្ចប្រជុំនេះ ធ្វើឡើង ក្រោយពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីហ្វាំងឡង់បាននិយាយនៅ ក្នុងសេចក្តី ថ្លែងការណ៍រួមថា ប្រទេសរបស់ពួកគេគួរតែដាក់ពាក្យសុំចូលជាសមាជិក NATO ដោយមិនពន្យារពេល។ ការប្រកាសនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងប្រទេសណាតូដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ី បានព្រមានប្រទេសហ្វាំងឡង់កុំឱ្យចូលរួមជាមួយណាតូ។
ជាក់ស្តែងលោកពូទីនមានបំណងសង្កត់ធ្ងន់លើការរួបរួមនៃសម្ព័ន្ធភាពដឹកនាំដោយរុស្ស៊ី ដោយការធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ៕