Soeun 13 May 2022 ៖ អ៊ុយក្រែនបាននិយាយថា ខ្លួនបានបំផ្លាញនាវាភស្តុភារុស្ស៊ីមួយនៅក្បែរកោះពស់( Snake Island) ជាកោះតូចតែជាទីតាំងយុទ្ធសាស្ត្រជួរមុខមួយនៅក្នុងសមុទ្រខ្មៅ នៅពេលសាច់ញាតិរបស់ទាហានអ៊ុយក្រែនដែលជាប់ក្នុងរោងចក្រដែកក្នុងទីក្រុងម៉ារីវប៉ូលសុំអង្វរអោយសង្គ្រោះពួកគេ។
ការប្រយុទ្ធគ្នាជាថ្មីនៅជុំវិញកោះពស់នៅប៉ុន្មានថ្ងៃមកនេះ បានក្លាយជាសមរភូមិមួយដើម្បីគ្រប់គ្រងឆ្នេរសមុទ្រខ្មៅភាគខាងលិច នៅពេលកងកម្លាំងរុស្ស៊ីកំពុងតស៊ូរុលចូលភាគខាងជើងនិងខាងកើតអ៊ុយក្រែន។
សឺហ៊ីវ ប្រាតជុក (Serhiy Bratchuk) អ្នកនាំពាក្យយោធាតំបន់អូដេសា បាននិយាយថា « ដោយសារសកម្មភាពរបស់ទាហានជើងទឹករបស់យើង នាវាគាំទ្រ វីសេវ៉ូឡូដ បូប្រូវ (Vsevolod Bobrov) បានឆេះ។ វាជាការខូចខាតចុងក្រោយមួយនៅក្នុងកងនាវារុស្ស៊ី»។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ដោយឯករាជ្យបានទេ នៅពេលក្រសួងការពារជាតិរុស្ស៊ីក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរអ្នកសារព័ត៌មាន។
រូបភាពផ្កាយរណបរបស់ក្រុមហ៊ុនអាម៉េរិក Maxar បានបង្ហាញអ្វីទំនងជាការវាយប្រហារដោយកាំជ្រួចលើនាវារុស្ស៊ីមួយនៅក្បែរកោះពស់ជាប់នឹងព្រំដែនសមុទ្ររ៉ូម៉ានី។វាក៏បង្ហាញការចូខាតអាគារបណ្តាលមកពីការវាយប្រហារកាលពីពេលថ្មីៗ។
នៅទីក្រុងគៀវ ប្រពន្ធកូនរបស់ពួកយុទ្ធជនដែលសម្ងំលាក់ខ្លួនក្នុងរូងក្រោមដីនៃរោងចក្រដែកដ៏ធំអាហ្សូវស្តាល់ក្នុងទីក្រុងម៉ារីវប៉ូលបាននាំគ្នាដើរដង្ហែនិងស្រែកសុំអោយជួយសង្គ្រោះមនុស្សជាទីស្រឡាញ់របស់គេ។
សូមបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបន្តបាញ់ផ្លោងដាក់រោងចក្រនេះក្រោយផ្អាកការប្រយុទ្ធដើម្បីអនុញ្ញាតអោយជម្លៀសជនស៊ីវិលចេញអស់បីបួនថ្ងៃកាលពីដើមខែ។យុទ្ធជនអ៊ុយក្រែនបានស្ថិតក្រោមការឡោមព័ទ្ធរបស់ទាហានរុស្ស៊ីអស់ពេលជាងពីខែមកហើយ ដោយមិនព្រមសារភាពចុះចាញ់តាមការទាមទាររបស់រុស្ស៊ីឡើយ៕

រូបភាពផ្កាយរណបបង្ហាញរោងចក្រដែកអាហ្សូវស្តាល់ឆេះខ្លោចដោយការបាញ់ផ្លោងរបស់រុស្ស៊ីអស់រាប់សប្តាហ៍មកហើយ