Connect with us

កងកម្លាំងប្រដាប់អាវុធ

មូលនិធិ Planet Water តម្លើងប៉មចម្រោះទឹកស្អាតទី៣៧សម្រាប់សិស្សនៅត្បែងមានជ័យ ខេត្តព្រះវិហារ

មូលនិធិ Planet Water តម្លើងប៉មចម្រោះទឹកស្អាតទី៣៧សម្រាប់សិស្សនៅត្បែងមានជ័យ ខេត្តព្រះវិហារ

កិច្ចសហការរវាងមូលនិធិ Planet Water និងមូលនិធិកូកា-កូឡា បានតម្លើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ Aquasan ទី៣៧ នៅសាលាបឋមសិក្សា ហ៊ុន សែន ត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បីជាផ្នែកមួយចូលរួមគាំទ្រកម្មវិធីអប់រំសុខភាពអនាម័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការតម្លើងប៉មចម្រោះទឹកស្អាតនេះ គឺជាកាយវិការប្រកបដោយស្មារតីទទួលខុសត្រូវរបស់មូលនិធិកូកា-កូឡា និងបានបញ្ជាក់យ៉ាងច្បាស់ពីការចូលរួមរបស់មូលនិធិក្នុងដំណើរឈានទៅសម្រេចគោលដៅគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។

មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers និង ម៉ាស៊ីនអនាម័យ Aquasans នៅក្នុងប្រទេសកម្ពុជា។

លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទនភាពដែលការឧបត្ថម្ភគាំទ្ររបស់យើងដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាពនិងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ២០២២នេះ»។

ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៦ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៦០.០០០នាក់ ក្នុងខេត្តចំនួន២០ នៅទូទាំងប្រទេសកម្ពុជា។

ត្រឹមបំណាច់ឆ្នាំ២០២២នេះ ស្ថាប័នសប្បុរសធម៌ទាំងនេះ រំពឹងថា នឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។

លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា «ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ»។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង១៣លានដុល្លារដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕

Click to comment

Leave a Reply

Your email address will not be published.

Facebook