ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យក្រុមហ៊ុនក្រេនស៊ីបង្កើនការដាំដំណាំឈើហូបផ្លែ ឱ្យបានច្រើន ដើម្បីរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងគ្រួសារកសិករនៅតាមមូលដ្ឋាន ហើយនៅពេលផលិតបានច្រើនយើងអាចបង្កើតរោងចក្រនៅតំបន់នេះតែម្ដង។
ក្នុងឱកាសចុះពិនិត្យនិងពិគ្រោះយោបល់ស្តីពីការពង្រីកការងារដាំដុះដំណាំឈើហូបផ្លែនៅក្រុមហ៊ុនក្រេនស៊ី ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹង ត្រែងកាលពីថ្មីៗនេះ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ទទួល ស្គាល់ថា៖ ក្រុមហ៊ុនក្រេនស៊ីមួយនេះ ពិតជាមានបច្ចេក ទេសពេញលេញ ក្នុងការ ផលិតដំណាំឈើហូបផ្លែ ដូច្នេះសុំឱ្យបង្កើនការដាំដុះឈើហូបផ្លែឱ្យបានច្រើនប្រភេទ ដើម្បីនាំផលិតផលទាំងនេះចេញទៅកាន់ទីផ្សារនិងឈានទៅរៀបចំឱ្យមានរោងចក្រកែច្នៃនៅក្នុងទីតាំងក្រុមហ៊ុននេះតែម្ដង។

ឯកឧត្តមរដ្ឋមន្ត្រីមាន ប្រសាសន៍បន្តថា៖ចំណុចនេះសូមឱ្យក្រុមហ៊ុនជួយបណ្តុះ បណ្តាលបច្ចេកទេសដាំដុះស្វាយទៅដល់កសិករនៅតំបន់នេះ ឱ្យមានសមត្ថភាពនាំគ្នាដាំស្វាយប្រភេទនេះឱ្យបានច្រើនគ្រួសារ ដើម្បីបង្កើនទិន្នផលឈានទៅបង្កើតរោង ចក្រកែច្នៃបាន។ “គាត់នឹងបង្កើតរោង ចក្រនៅទីនេះ ហើយនឹងអាចប្រមូលទិញពីកសិករ គាត់បានដាំដុះជុំវិញនេះ យកមកកែច្នៃធ្វើជាទឹកសេរ៉ូស្វាយ ឬក៏ធ្វើជាភេសជ្ជៈពីទឹកស្វាយនេះ នៅពេលអនាគត ឬក៏ធ្វើការវេចខ្ចប់នាំចេញ ប៉ុន្តែករណីវេចខ្ចប់នាំចេញផ្លែស្វាយស្រស់

មិនមែនជាការងាយស្រួលប៉ុន្មានទេ មុននឹងការនាំចេញស្វាយស្រស់ទៅបានកសិករនិងត្រូវចុះបញ្ជី មូលហេតុអីបានចុះបញ្ជី ចុះបញ្ជីនេះមានន័យថា នៅពេលដែលយើងវេចខ្ចប់ យើងវ៉ៃឈ្មោះ លេខកូដចម្ការនិងលេខ 1 លេខ 2 លេខ 3 អ៊ីចឹង ហើយនៅពេលយើងបញ្ជូនផ្លែឈើនេះ ទៅដល់ចិន គឺបើសិនជាមានបញ្ហានៅទីនោះ គេនឹងស្វែងរកបញ្ហានៅចម្ការស្វាយដែលមានលេខកូដហ្នឹង។
លោក ចេក គី ជនជាតិចិនជាអ្នកគ្រប់គ្រងផ្នែកបច្ចេក ទេសដាំស្វាយនៅក្រុមហ៊ុនក្រេនស៊ីស្ទឹងត្រែងបានបញ្ជាក់ថា៖ចាប់ពីឆ្នាំ២០១៥មកក្រុម ហ៊ុនដាំស្វាយបានចំនួន១១ ប្រភេទហើយ ក្នុងនោះមានចំនួន០៩ប្រភេទបានទទួល ផល ហើយក្នុងចំណោម០៩ ប្រភេទនេះ មាន៤ប្រភេទទទួលបានផលច្រើនជាងគេ ដូចជាស្វាយឈ្មោះជីងវ៉ាំង -ស៊ី សឺ -ឃេត -និងអាយម៉ាង ជាដើម ។
លោកបន្តថា៖បច្ចុប្បន្នកម្មករធ្វើការនៅក្នុងក្រុមហ៊ុនទទួលបានបច្ចេកទេសអាចយកទៅបង្ហាត់បង្រៀនគ្នាបាន ដោយមិនបាច់ឱ្យកសិករចំណាយពេលវេលាមករៀនទេ ឱ្យតែកសិករមានផ្ទៃដីដែលមានប្រភពទឹកគ្រប់គ្រាន់ អាចមកយកពូជទៅដាំដុះបានហើយ។ សូមបញ្ជាក់ថា៖ក្រុមហ៊ុនក្រេនស៊ី ស្ទឹងត្រែងបានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាង៩០០០ហិកតានៅឆ្នាំ២០០១សម្រាប់ដាំកៅស៊ូតែដោយសារផ្ទៃដីនេះមិនអំណោយផល ទើបចាប់ពីឆ្នាំ២០១៥មកបានប្តូរទៅដំណាំដាំស្វាយវិញ បច្ចុប្បន្នបានទទួលផលនិងបាននាំចេញទៅទីផ្សារក្រៅប្រទេសហើយ