Connect with us

ព័ត៌មានជាតិ

ការហ្វឹកហ្វឺនជាការងារចាំបាច់សម្រាប់កងទ័ពដែលមិនអាចអាក់ខានបានគ្រប់កាលៈទេសៈ

(ខេត្តកំពង់ស្ពឺ)៖ នេះជាប្រសាសន៍លើកឡើងរបស់ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន ខណៈឯកឧត្តមបានអញ្ជើញចុះត្រួតពិនិត្យការបាញ់គ្រាប់ពិតពេលយប់របស់សិក្ខាកាមវគ្គបំប៉នជំនាញបច្ចេកទេសអាវុធថ្មើរជើងរបស់ការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានកោតសរសើរ វាយតម្លៃខ្ពស់ និងបានជំរុញបន្ថែមដល់គណៈគ្រប់គ្រងវគ្គ ដែលបានខិតខំពុះពារហ្វឹកហាត់ ដល់សិក្ខាកាមវគ្គនេះឲ្យមានសមត្ថភាពគ្រប់គ្រាន់ និងចេះបត់បែនគ្រប់កាលៈទេសៈ ប្រយុទ្ធតាមសភាពការណ៍ជាក់ស្តែង ហើយការងារហ្វឹកហ្វឺនរបស់កងទ័ពជារឿងដែលចាំបាច់បំផុតរបស់កងទ័ពមិនអាចអាក់ខានបានឡើយ ។

គណៈគ្រប់គ្រងវគ្គ ក៏ដូចជាការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្តមសេនីយ៍ឯក អ៊ួន សារឿន ដែលបានចំណាយពេលវេលា និងបានផ្តល់គោលគំនិតល្អៗដល់គណៈគ្រប់គ្រងវគ្គ ដើម្បីជាគន្លឹះថ្មីៗក្នុងការងារហ្វឹកហ្វឺនឲ្យទទួលលទ្ធផលល្អតាមការរំពឹងទុក ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន ក៏បានគូសបញ្ជាក់ថា ចំពោះសិក្ខាកាមវគ្គនេះនឹងក្លាយជាគ្រូបង្គោលប្រចាំអង្គភាពរៀងៗខ្លួ ត្រូវយកចំណេះដឹងដែលបានពីការសិក្សារៀនសូត្រនេះ ពេលបញ្ចឋ់វគ្គទៅបម្រើការ ផ្សព្វផ្សាយ និងធានាលើតម្រូវការការងារបច្ចេកទេសអាវុធថ្មើរជើងឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាឲ្យការងារហ្វឹកហ្វឺននេះកាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានវឌ្ឍនភាពថ្មីៗបន្ថែមទៀតលើការងារហ្វឹកហ្វឺនកងទ័ពជើងគោក ៕

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសអាវុធថ្មើរជើងរបស់ការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក មានរយៈពេល ៣ខែ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ កងពលតូចលេខ៧០ ភ្នំធំម្រះព្រៅ មានសិក្ខាកាមចូលរួមមកពីគ្រប់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក។

Click to comment

Leave a Reply

Your email address will not be published.

Facebook