Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក Kim Jong-un ៖ ការផ្ទុះ​រាលដាល​វីរុស COVID -19 គឺជា​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ​ខណៈ​អ្នក​ស្លាប់​ឡើង​ដល់ ​៥០​នាក់

កូរ៉េខាងជើង៖ យោងតាម​សារព័ត៌មាន​រដ្ឋឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong-un បាន​និយាយថា ការផ្ទុះ​រាលដាល​វីរុស Covid-19​ ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ គឺជា​គ្រោះមហន្តរាយ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​នេះ​។

​លោក Kim បាន​អំពាវនាវ​ឲ្យ​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ​ក្នុងការ​បញ្ឈប់​ការឆ្លង​រាលដាល​វីរុសអំឡុង​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃ​សៅរ៍​។ លោក Kim Jong Un បញ្ជា​ឲ្យ​ចល័ត​កងកម្លាំង​យោធា​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​រាលដាល​នៃ COVID-19 នេះ​។ ​ការអំពាវនាវ​នេះ​មាន​ឡើង បន្ទាប់ពី​ក្រុមមន្ត្រី​បានប្រកាស​ពី​ករណី​ឆ្លង​លើកដំបូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ទោះបីជា​ក្រុម​អ្នកជំនាញ​ជឿ​ថា​ វីរុស​នេះ​ទំនងជា​នៅតែ​កំពុង​បន្ត​ឆ្លង​រាលដាល​។ ​យោង​តាម​សារព័ត៌មាន​រដ្ឋឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​ផ្លូវការ​បាន​ឡើង​ដល់​ ៥០​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ចំនួន​ករណី​ឆ្លង​សរុប​បាន​ឡើង​ដល់​ជាង ១,២១៣,៥៥០​នាក់។ អ្នកជំងឺ​ជាង ៦៤៨,៦៣០​នាក់​បានជា​សះស្បើយ ខណៈ​ដែល​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ ៥៦៤,៨៦០​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ឬ​កំពុង​ទទួល​ការ​ព្យាបាល​។

​របាយការណ៍​ទាំងនេះ​ពុំបាន​បញ្ជាក់​ថា ​តើ​ពួកគេ​បាន​វិជ្ជមាន​វីរុស Covid-19 ឬ​យ៉ាង​ណា​ទេ ក្រៅ​តែ​ពី​មនុស្សម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី Pyongyang ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ មាន​ក្ដី​បារម្ភ​ថា ការ​ផ្ទុះ​រាលដាល​ដ៏​ខ្លាំង​ក្លារ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​។ ប្រជាពលរដ្ឋ​ចំនួន​ ២៥​លាន​នាក់​របស់​ប្រទេស​នេះ​កំពុង​ប្រឈម​ស្ថានភាព​ងាយ​រងគ្រោះ ដោយសារ​កង្វះ​កម្មវិធី​ចាក់​វ៉ាក់សាំង និង​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook