
Soeun 16 May 2022 ៖ អគ្គលេខាធិកាអង្គការណាតូបាននិយាយថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនដំណើរការតាមផែនការទេ ហើយថាការប៉ុនប៉ងរបស់ខ្លួនដើម្បីដណ្តើមយកតំបន់ដុនបាសភាគខាងកើត “បានជាប់គាំង”។
ក្រសួងការពារជាតិអង់គ្លេសបានប៉ាន់ប្រមាណថា រុស្ស៊ីបានបាត់បង់កម្លាំងប្រយុទ្ធជើងគោកប្រហែលមួយភាគបីចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈកន្លងមក គោលដៅដំបូងរបស់រុស្ស៊ីទំនងត្រូវវាយលុកទូទាំងប្រទេសនិងផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ផ្ទុយទៅវិញ រុស្ស៊ីបានដកចេញពីតំបន់ជុំវិញរដ្ឋធានីគៀវ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុងនេះ ហើយចាប់តាំងពីពាក់កណ្តាលខែមេសាមកបាននិងកំពុងផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើខេត្តភាគខាងកើតចំនួនពីរ។
នៅក្នុងទីក្រុងធំទីពីរ ខាគីវ របស់អ៊ុយក្រែន ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ីបានដកចេញពីព្រំដែន ហើយថាអ្នកស្រុកកំពុងវិលត្រឡប់មកវិញ ចំណែកលោកស្តូលធិនបឺកនិយាយថា “សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងដូចដែលទីក្រុងមូស្គូបានគ្រោងទុកនោះទេ ពួកគេបានបរាជ័យក្នុងការដណ្តើមយកទីក្រុងគៀវ ពួកគេកំពុងដកថយពីជុំវិញទីក្រុងខាគីវ ការវាយលុកដ៏ធំរបស់ពួកគេនៅក្នុងតំបន់ដុនបាសបានជាប់គាំង រុស្ស៊ីមិនបានសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួនទេ” លោកស្តូលធិនបឺកបាននិយាយបែបនេះនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ។
ក្រៅពីបរាជ័យផ្នែកយោធា ផលវិបាកមួយទៀតនៃការលុកលុយនោះគឺថា រុស្ស៊ីទំនងជានឹងប្រឈមមុខនឹងការពង្រីកខ្លួនរបស់ណាតូ ខណៈស៊ុយអែតនិងហ្វាំងឡង់គ្រោងនឹងចូលរួមជាសមាជិក។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មើលឃើញថាណាតូគឺជាការគំរាមកំហែងសន្តិសុខដល់រុស្ស៊ី ហើយបានចូលឈ្លានពានអ៊ុយក្រែនជាផ្នែកមួយដើម្បីបញ្ឈប់អ៊ុយក្រែនពីការចូលរួមជាមួយណាតូ៕
កងកម្លាំងរុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់ការតស៊ូដ៏ស្វិតស្វាញរបស់អ៊ុយក្រែន។ក្នុងរូប រថក្រោះរុស្ស៊ីត្រូវបំផ្លាញដោយកងកម្លាំងអ៊ុក្រែន