
Soeun 17 May 2022 ៖ នាវាផ្ទុកយន្តហោះចិន Liaoning និងនាវាអមដំណើររបស់វាបានចំណាយពេលពីរសប្តាហ៍ក្នុងប្រតិបត្តិការនៅសមុទ្រចិនខាងកើតក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន។
រូបភាពពីផ្កាយរណបពាណិជ្ជកម្មបង្ហាញថា នាវាទាំងនោះទំនងជាបានឆ្លងកាត់ច្រកសមុទ្រមីយ៉ាកូ (Miyako) ម្តងទៀត ដើម្បីរំកិលចូលទៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់កាលពីដើមសប្តាហ៍មុន។
វេបសាយ Detresfa ជាអ្នកវិភាគរូបភាពនិងជាអ្នករួមចំណែកផ្តល់រូបថតសម្រាប់ The War Zone នៃវេបសាយ The Driveបានប្រទះឃើញក្រុមនាវាផ្ទុកយន្តហោះចម្បាំងនៅលើរូបភាព Planet Labs ស្ថិតនៅចម្ងាយប្រហែល ១៥៧ គីឡូម៉ែត្រក្នុងសមុទ្រភាគខាងត្បូងនៃកោះយែយ៉ាម៉ា (Yaeyama) របស់ជប៉ុន និងចម្ងាយ ២៩៦គីឡូម៉ែត្រពីភាគខាងកើតនៃកោះតៃវ៉ាន់ក្នុងសមុទ្រហ្វីលីពីន។
កាលពីថ្ងៃសុក្រ វេបសាយយោធា Janes បានរាយការណ៍ពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ណូប៊ូ គីស៊ី (Nobuo Kishi)ថា យន្តហោះរបស់នាវាផ្ទុកយន្តហោះ Liaoningបានហោះហើរជាង ១០០ ស្ទីលនៅក្នុងសមយុទ្ធរវាងថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែឧសភា។
សមយុទ្ធនេះរួមមានការហោះហើរយន្តហោះចម្បាំង Shenyang J-15 និងប្រតិបត្តិការសង្គ្រាមប្រឆាំងនាវាមុជទឹក (ASW) ជាមួយនឹងឧទ្ធម្ភាគចក្រ។
ក្រុមនាវាផ្ទុកយន្តហោះ Liaoning ហាក់រួមបញ្ចូលទាំងនាវាចម្បាំង/នាវាពិឃាដ Type 055 ឈ្មោះ Nanchang មួយគ្រឿង រួមជាមួយនាវាពិឃាដ Type 052D ចំនួនបីគ្រឿង នាវាពិឃាដ Type 052C មួយគ្រឿង នាវាដឹកជញ្ជូន Type 054A មួយគ្រឿង និងនាវាដឹកគ្រឿងផ្គត់ផ្គង់ Type 901 មួយគ្រឿង៕


ក្រុមនាវាផ្ទុកយន្តហោះ Liaoning ឃើញស្ថិតនៅចម្ងាយ ២៩៦ គីឡូម៉ែត្រពីភាគខាងកើតនៃកោះតៃវ៉ាន់ក្នុងសមុទ្រហ្វីលីពីនកាលពីដើមសប្តាហ៍មុន