Soeun 18 may 2022 ៖ ទីក្រុងម៉ារីវប៉ូលហាក់ធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីកាលពីថ្ងៃអង្គារទី១៧ឧសភា ខណៈអ៊ុយក្រែនចាប់ផ្តើមបោះបង់ចោលរោងចក្រដែកជាកន្លែងដែលអ្នកប្រយុទ្ធរាប់រយនាក់បានឈរជើងអស់ជាច្រើនខែក្រោមការទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងឥតឈប់ឈរនៅក្នុងបន្ទាយតស៊ូចុងក្រោយនៅក្នុងទីក្រុងដែលរងការបំផ្លិចបំផ្លាញនេះ។ការដណ្តើមយកទីក្រុងម៉ារីវប៉ូលនឹងធ្វើឱ្យវាក្លាយជាទីក្រុងដ៏ធំបំផុតដែលត្រូវបានកងកម្លាំងរបស់ទីក្រុងមូស្គូដណ្តើមបាននៅក្នុងសង្គ្រាមនេះហើយនឹងផ្តល់ឱ្យវិមានក្រឹមឡាំងនូវជ័យជម្នះដែលត្រូវការយ៉ាងខ្លាំង ទោះបីជាទីក្រុងទាំងមូលស្ទើរតែខ្ទេចហិនហោចអស់ក៏ដោយ។
យុទ្ធជនអ៊ុយក្រែនជាង ២៦០ នាក់ ដែលខ្លះបានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានសែងចេញតាមប្រង់ការ បានចាកចេញពីរោងចក្រអាហ្សូវស្តាល់( Azovstal)ដែលខ្ទេចខ្ទាំកាលពីថ្ងៃចន្ទហើយបានប្រគល់ខ្លួនពួកគេដល់ភាគីរុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងដែលចរចាដោយភាគីសង្គ្រាម។
អាជ្ញាធរអ៊ុយក្រែននិយាយថា ពួកគេកំពុងព្យាយាមយកទាហានសេសសល់ចេញពីរោងចក្រដែកដ៏ធំសម្បើមនេះ។ ពួកគេមិនប្រាប់ថាមានទាហានប៉ុន្មាននាក់នៅសេសសល់នោះទេ។
ខណៈរុស្ស៊ីបានហៅវាថាជាការចុះចាញ់ អ៊ុយក្រែនបានគេចពីពាក្យនេះ ហើយជំនួសមកវិញបាននិយាយថាយោធភូមិភាគប្រចាំនៅរោងចក្របានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យក្នុងការរឹតត្បិតការរុលទៅមុខរបស់កងកម្លាំងរុស្ស៊ីនិងស្ថិតនៅក្រោមសណ្តាប់ធ្នាប់ថ្មី។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡេកស្គី រ៉េស្នីកូវ (Oleksiy Reznikov)បាននិយាយថា “ដើម្បីសង្គ្រោះជីវិតពួកគេ អ៊ុយក្រែនត្រូវការពួកគេ។ នេះជារឿងសំខាន់”។
អ៊ុយក្រែនបានបង្ហាញក្តីសង្ឃឹមថា យុទ្ធជនទាំងនោះនឹងត្រូវបានដោះដូរជាមួយឈ្លើយសឹករុស្ស៊ី។
ប៉ុន្តែលោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាបរុស្ស៊ីបាននិយាយដោយគ្មានភស្តុតាងថាមាន “ឧក្រិដ្ឋជនសង្គ្រាម” ក្នុងចំណោមអ្នកការពារទាំងនោះហើយថាពួកគេមិនគួរត្រូវបានដោះដូរនោះទេ ប៉ុន្តែត្រូវទទួលការកាត់ទោស៕




យុទ្ធជនអ៊ុយក្រែនរងរបួស នាំគ្នាចាកចេញពីរោងចក្រដែកទៅកាន់តំបន់គ្រប់គ្រងដោយរុស្ស៊ីតែត្រូវបានប្រគល់អោយរុស្ស៊ី ដូច្នេះជោគវាសបារបស់ពួកគេស្ថោតក្នុងភាពមិនច្បាស់លាស់

ឧទ្ធម្ភាគចក្ររុស្ស៊ីអមដំណើរក្បួនរថយន្តដឹកឈ្លើយសឹកអ៊ុយក្រែនចេញពីម៉ារីវប៉ូល


ទាហានរុស្ស៊ីនិងយុទ្ធជនបំបែកខ្លួនគាំទ្រដោយរុស្ស៊ីធ្វើដំណើរចូលក្រុងម៉ារីវប៉ូល

