Soeun 18 May 2022 ៖ WHO អង្គការសហប្រជាជាតិបានប្រកាសអាសន្ននៅថ្ងៃអង្គារម្សិលមិញនេះ ចំពោះការផ្ទុះរាតត្បាតកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េខាងជើងដោយធ្វើការព្រមានថា ប្រជាជនកូរ៉េខាងជើង
ដែលមិនទាន់បានចាក់វ៉ាក់សាំងងាយរងគ្រោះខ្លាំង និងបានរំលឹកឡើងពីការត្រៀមខ្លួនជួយរបបកុម្មុយនីស្តនេះ ។

WHO បានដាស់តឿនថា វីរុសបំលែងថ្មី Omicron អាចឆ្លងរីករាលដាលយ៉ាង ឆាប់រហ័សនៅក្នុងប្រទេសកូរ៉េខាងជើង ហើយការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជា ជាតិ បានព្រមានថាវិធានការដែលអាជ្ញាធរកូរ៉េខាងជើងកំពុងដាក់ ចេញរំលោភសិទ្ធិ និងរុញច្រានប្រជា ជនដែលងាយរងគ្រោះធ្លាក់ចូលក្នុងស្ថានភាពកាន់តែមិនច្បាស់លាស់។
រហូតមកដល់ពេលនេះ មានករណីស្លាប់ចំនួន៥៦នាក់ និងជិត១,៥លានមានចេញរោគសញ្ញាគ្រុនក្តៅនៅក្នុងប្រទេស កូរ៉ខាងជើងចាប់តាំងពីប្រទេសនេះបានប្រកាសពីករណីផ្ទុះកូវីដ ១៩លើកដំបូងនៅសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពបាន ថ្លែងដូច្នេះថា ៖ «អង្គការសុខភាពពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហានិភ័យនៃការរីករាលដាលបន្ថែមទៀតរបស់កូវីដ១៩
នៅក្នុងប្រទេសនេះ ដោយសារប្រជាជនមិនទទួលបានវ៉ាក់សាំង ហើយមនុស្សជាច្រើនមានលក្ខខណ្ឌជាមូលដ្ឋានដែលធ្វើឲ្យពួកគេប្រឈមនឹងការឈឺធ្ងន់ធ្ងរ និងស្លា.ប់បាន» ។
លោកនិយាយទៀតថា «អង្គការសុខភាពពិភពលោកស្នើឲ្យកូរ៉េខាងជើងចែករំលែកទិន្នន័យ និងព័ត៌មាន។ អង្គការស្ម័គ្រចិត្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការផ្គត់ផ្គង ការធ្វើតេស្ត ថ្នាំ និងវ៉ាក់សាំង ដើម្បីជួយដល់ទីក្រុងព្យុងយ៉ាងទប់ស្កាត់ការរីករាលដាល»។

សូមបញ្ជាក់ថា៖ ក្រោយពេលទទួលស្គាល់ថា មានការផ្ទុះកូវីដ១៩ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានបញ្ជាឲ្យមានការបិទទូទាំងប្រទេស ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលខ្លាំង និងបានដាក់ពង្រាយកងទ័ព និងបុគ្គលិកពេទ្យរាប់ម៉ឺននាក់ ដើម្បីជួយចែកចាយថ្នាំព្យាបាលកូវីដ និងតាមដានអ្នកជំងឺ៕ ( AFP)
