Connect with us

ព័ត៌មានទាន់ហេតុការណ៍

មន្ទីរ​បញ្ច​កោណ​រាយការណ៍​ករណី​កើនឡើង​នៃ​យាន UFO ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​

Soeun 18 May 2022 ៖ មន្ត្រី​ការពារ​ជាតិ​កំពូល​របស់​សហរដ្ឋ​អាម៉េរិក​បាន​ប្រាប់​សមាជិកសភា​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ឧសភា​នៅក្នុង​សវនាការ​ជា​សាធារណៈ​លើកដំបូង​ស្តី​ពី​យាន UFO ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍​កន្លងមកនេះ​ថា ចំនួន​កើនឡើង​នៃ​វត្ថុ​ហោះហើរ​មិន​ស្គាល់​អត្តសញ្ញាណ (UFO)​ត្រូវបាន​រាយការណ៍​នៅលើ​មេឃ​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក ស្កុត ប្រេ (Scott Bray) អនុប្រធាន​ផ្នែក​ចារកម្ម​ជើង​ទឹក​បាន​ប្រាប់​គណៈកម្មការ​សន្តិសុខ​របស់​សភា​ថា “​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ មក​យើង​បាន​ឃើញ​ការកើនឡើង​នៃ​យន្ត​​ហោះ​ឬ​វត្ថុ​មិន​មាន​ការអនុញ្ញាត និង​/​ឬ​មិន​ស្គាល់​អត្តសញ្ញាណ នៅក្នុង​តំបន់​ហ្វឹកហ្វឺន​ដែល​គ្រប់គ្រង​ដោយ​យោធា និង​ដែនអាកាស​ដែល​បាន​កំណត់​ផ្សេងទៀត​”​។​

                                                                                     ​លោក ស្កុត ប្រេ

​លោក​ប្រេ​បាន​សន្មត​ការកើនឡើង​ករណី​យាន UFO គឺ​ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យោធា​អាម៉េរិក​ដើម្បី “​ចាត់ថ្នាក់​សកម្មភាព​នៃ​ការរាយការណ៍​អំពី​ការមើលឃើញ​និង​ការ​ពើបប្រទះ​” ក៏ដូចជា​ការប្រទះឃើញ​បច្ចេកវិជ្ជា​ជឿនលឿន​ណាមួយ​។​

​ទោះយ៉ាងណា លោក​បាន​និយាយថា មន្ទីរ​បញ្ច​កោណ​មិន​បាន​រក​ឃើញ​អ្វី “​ដែល​បង្ហាញថា​វា​ជា​យាន​ក្រៅ​ភព​” នៅ​ពីក្រោយ​បាតុភូត​ទាំងនេះ​នោះទេ​។​

​ម្យ៉ាងវិញទៀត លោកប្រេក៏មិ​ន​បាន​បដិសេធ​ដាច់ខា​តនូ​វ​លទ្ធភាព​ទាំងនោះ​នោះដែរ​។​

​លោក​ប្រេ​និយាយថា “​យើង​មិន​បាន​ធ្វើការ​សន្មត​ថា​វា​ជា​អ្វី​ឬ​មិនមែន​ជា​អ្វី​នោះទេ​”​។​

​នៅក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ ចារកម្ម​អាម៉េរិក​បាន​អះអាង​រួចហើយ​នៅក្នុង​របាយការណ៍​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​ថា​មិន​មាន​ភស្តុតាង​នៃ​អត្ថិភាព​នៃ​យាន​ក្រៅ​ភព​នៅលើ​មេឃ​នោះ​ឡើយ​ខណៈ​ទទួលស្គាល់​​ថា​ពួកគេ​មិន​មាន​ការពន្យល់​សម្រាប់​បាតុភូត​រាប់សិប​ដែល​ត្រូវ​បាន​សង្កេត​ឃើញ​ដោយ​អាកាសយានិក​យោធា​នោះទេ​។​

​ការប្រទះឃើញ​មួយចំនួន​អាច​ត្រូវ​បាន​ពន្យល់​ដោយ​វត្តមាន​របស់ដ្រូន​ឬ​សត្វ​ស្លាប​ដែល​គេ​បង្កើតឡើង​ដើម្បី​បំភ័ន្ត​នៅក្នុង​ប្រព័ន្ធ​រ៉ា​ដា​របស់​យោធា​អាម៉េរិក​។​

​ការ​ពើបប្រទះ​ផ្សេងទៀត​អាច​កើត​ចេញពី​ការសាកល្បង​ឧបករណ៍​យោធា​ឬ​បច្ចេកវិជ្ជា​ដែល​បង្កើតឡើង​ដោយ​មហាអំណាច​ផ្សេងទៀត​ដូចជា ចិន​ឬ​រុស្ស៊ី​ជាដើម​៕

​រូបភាព​ថត​ពី​អេក្រង់​ផ្តល់​ដោយ​មន្ទីរ​បញ្ច​កោណ​ក្នុង​ខែមេសា ឆ្នាំ ២០២០ បង្ហាញ “​បាតុភូត​ពីលើ​អាកាស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​”​

Click to comment

Leave a Reply

Your email address will not be published.

Facebook