Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទិន្នន័យ​បង្ហាញថា​យន្តហោះ​ចិន​អាច​មាន​គេ​ធ្វើ​អោយ​ធ្លាក់​ដោយ​ចេតនា​

 

Soeun 18 May 2022       ៖​ក្រុម​អ្នក​ស៊ើបអង្កេត​អាម៉េរិក​ជឿថា​មាន​នរណា​ម្នាក់​នៅក្នុង​យន្តហោះ​ធ្វើអោយ​យន្តហោះ Boeing 737-800​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern​ធ្លាក់​ដោយ​​ចេតនា​កាលពី​ខែ​មីនា នេះ​បើ​តាម​ការផ្សាយ​របស់​កា​សែ​ត​the Wall Street Journal​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ឧសភា​។​

​មនុស្ស​ពីរ​នាក់​ដែល​ធ្វើកា​រលើ​រឿង​នេះ​បាន​និយាយថា​ពួក​អ្នក​ស៊ើបអង្កេត​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន​នេះ​កំពុង​ពិនិត្យ​មើល​ថា​តើ​វា​បណ្តាល​មកពី​អំពើ​ដោយ​ចេតនា​នៅក្នុង​បន្ទប់​បើកបរ​​ឬ​យ៉ាងណា ដោយសារ​តាំងពី​មុន​មក​មិន​មាន​ភស្តុតាង​ណា​បង្ហាញ​ថា​យន្តហោះ​ធ្លាក់​ដោយសារ​បញ្ហា​បច្ចេកទេស​។​

​យន្តហោះ​Boeing 737-800​ជើងហោះហើរ MU5375 បាន​កំពុងធ្វើដំណើរ​ពី​ទីក្រុង​គុន​មិញ​ទៅ​ក្វាង​ចូវកាល​ពី​ថ្ងៃ​២១​មីនា នៅពេល​វា​ធ្លាក់ចុះ​ពី​កំពស់​៨.៨៣៩​ម៉ែត្រ​ចូល​ក្នុង​ព្រៃភ្នំ ដោយ​សម្លាប់​មនុស្ស​​ទាំង​១៣២​នាក់​នៅក្នុង​យន្តហោះ​។​

 

​អ្នក​សង្គ្រោះ​និង​ស្វែងរក​រួម​ទាំង​ទាហាន​ចិន​បាន​ចូលរួម​ប្រតិបត្តិ​ការស្វែងរក​-​សង្គ្រោះ​និង​រុករក​ប្រអប់​ខ្មៅ​នៅ​កន្លែង​ធ្លាក់​ក្នុង​តំបន់​ស្វ័យ​ត​ហ្កាងស៊ី ហ្សួង កាលពី​ខែ​មីនា​

​វា​ជា​ការធ្លាក់​យន្តហោះ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​ចិន​ក្នុង​រយៈពេល​២៨​ឆ្នាំកន្លងមក​។​

​អាជ្ញាធរ​បាន​និយាយថា អ្នកបើក​យន្តហោះ​មិន​បាន​ឆ្លើយតប​នឹង​ការទាកទង​ពី​អ្នកគ្រប់គ្រង​ការហោះហើរ​និង​ពី​អាកាសយានិក​នៃ​យន្តហោះ​ក្បែរៗ​វា​ទេ​ក្នុងអំឡុងពេល​ធ្លាក់ចុះ​ពី​រយៈ​កំពស់​ត្រូវ​ហោះ​ភ្លាម​​ៗ​។​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ពួក​អ្នក​ស៊ើបអង្កេត​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ដែល​យន្តហោះ​នេះ​ធ្លាក់​ដោយ​អំពើ​«​ស្ម័គ្រចិត្ត​»​។​

​បើ​តាម​ការ​សែត​ខាងលើ ប្រអប់​ខ្មៅ​ដែល​រកឃើញ​នៅ​កន្លែង​ធ្លាក់​ត្រូវបាន​បញ្ជូន​ទៅ​វិភាគ​នៅ​អាម៉េរិក​។​វា​បង្ហាញ​ថា នរណាម្នាក់ អាច​អ្នកបើក​យន្តហោះ ឬ​នរណា​ម្នាក់​ដែល​សំរុកចូល​បន្ទប់​អ្នកបើក បញ្ជា​​អោយ​យន្តហោះ​Boeing 737-800 ដាំ​ក្បាល​ចុះក្រោម​។​

the Wall Street Journal​បាន​ស្រង់​សម្តី​អ្នកដឹង​រឿង​នេះ​ម្នាក់​ដែល​បាន​និយាយថា​« យន្តហោះ​បានធ្វើ​អ្វីមួយ​ដែល​ទំនងជា​ត្រូវ​គេ​ប្រាប់​អោយ​ធ្វើ​នៅក្នុង​បន្ទប់​អ្នកបើកបរ​» ហើយ​ពួក​មន្ត្រី​​អាម៉េរិក​ជឿ​លើ​ការសន្និដ្ឋាន​របស់​គេ​គាំទ្រ​ដោយ​ការពិត​ដែលថា ពួក​អ្នក​ស៊ើបអង្កេត​ចិន​តាំងពី​មុន​មក​មិន​បាន​រកឃើញ​សញ្ញា​ណាមួយ​ថា​យន្តហោះ​មាន​បញ្ហា ឬ​ក្រុម​អ្នកគ្រប់ក្រង​ការហោះហើរ​អាច​បង្ក​​ការធ្លាក់​នោះទេ​។​

​ទាំង​ក្រុមហ៊ុន​Boeing Co​ដែល​ផលិត​យន្តហោះ​នេះ​និង​គណៈកម្មាធិការ​សុវត្ថិភាព​គមនាគមន៍​ជាតិ​អាម៉េរិក​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ចំពោះ​របាយការណ៍​ក្នុង​សារព័ត៌មាន​អាម៉េរិក​នេះ និ​បាន​បង្វែរ​​អោយទៅ​សួរ​ចិន​។​

​ក្នុង​ការឆ្លើយតប​ទៅនឹង​ពាក្យ​ចចាមអារ៉ាម​ក្នុង​អ៊ិន​ធឺ​ណិ​ត​អំពី​ការធ្លាក់​យន្តហោះ​ដោយ​ចេតនា អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​១១​មេសា​ថា ពាក្យ​លេចឮ​នេះ​នាំអោយ​សាធារណជន​​យល់​ខុស​ធ្ងន់ធ្ងរ​និង​វា​ជ្រៀតជ្រែក​ការងារ​ស៊ើបអង្កេត​ថែម​ទៀត​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook