Connect with us

ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹងឆ្លើយតបទៅនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូទៅកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែត

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងធ្វើការឆ្លើយតប ប្រសិនបើអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (អង្គការណាតូ) នឹងដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីនៃប្រទេសហ្វាំងឡង់ ឬស៊ុយអែត។

វិមានក្រឹមឡាំងបានដកស្រង់សម្តីរបស់ប្រធានាធិបតីរូបនេះដែលបាននិយាយនៅឯកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅទីក្រុងមូស្គូថា «ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាទៅក្នុងទឹកដីទាំងនេះពិតជានឹងបង្កឱ្យមានការឆ្លើយតបពីយើងជាក់ជាមិនខាន ដែលវានឹងអាស្រ័យទៅលើប្រភេទនៃការគំរាមកំហែងដែលនឹងបង្កឡើងសម្រាប់យើង»។

លោក ពូទីន បាននិយាយបន្ថែមថា បញ្ហានៃការពង្រីកអង្គការណាតូ គឺភាគច្រើនជាលក្ខណៈសិប្បនិម្មិត ហើយកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិកជាឧបករណ៍គោលនយោបាយការបរទេស។

លោក ពូទីន បាននិយាយថា «អង្គការណាតូកំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍គោលនយោបាយការបរទេសដោយប្រទេសមួយ ហើយវាត្រូវបានធ្វើយ៉ាងខ្ជាប់ខ្ជួនប្រកបដោយជំនាញ និងខ្លាំងក្លាទៀតផង» ដោយលោកបានចង្អុលបង្ហាញបន្ថែមថា ស្ថានភាពនេះមានឥទ្ធិពលអាក្រក់ទៅលើសន្តិសុខអន្តរជាតិ។

ទាំងប្រទេសហ្វាំងឡង់ និងស៊ុយអែត បានប្រកាសពីការសម្រេចចិត្តដើម្បីដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការគោលនយោបាយការបរទេសរបស់រដ្ឋាភិបាល បានសម្រេចចិត្តជាផ្លូវការដើម្បីចាប់ផ្តើមដំណើរការនៃការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ។ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អានដឺសុន បានប្រកាសកាលពីថ្ងៃចន្ទពីការសម្រេចចិត្តជាផ្លូវការដើម្បីចាប់ផ្តើមដំណើរការនៃការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook