ទាហានមកពីកងវរសេនាធំរបស់កងទ័ពស៊ុយអែត ដំឡើងកាំភ្លើងយន្តលើកោះហ្គោតឡែន កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៩។ កង វរសេនា ធំ ប្រចាំ កោះ ហ្គោតឡែន របស់ កងទ័ព ស៊ុយអែត បាន ហាត់ សម មេរៀន សឹក សង្គ្រាម របស់ ពួក គេ រួមមាន ការ ហាត់ ប្រើប្រាស់ មីស៊ីល ប្រឆាំង រថក្រោះ NLAW ដែល កំពុង បង្ហាញ ប្រសិទ្ធភាព ខ្ពស់ នៅ ប្រទេស អ៊ុយក្រែន។កង វរសេនា ធំ ដែល ត្រូវ បាន ធ្វើ ឱ្យ មាន រូបរាង វិញ ក្នុង ឆ្នាំ ២០១៨ នៅ លើ កោះ ដ៏ មាន សារៈសំខាន់ ជា យុទ្ធសាស្ត្រ សម្រាប់ ជួយ ដល់ ការ គ្រប់គ្រង ចរាចរ ណ៍ ផ្លូវ អាកាស និង ផ្លូវ ទឹក នៅ សមុទ្រ បាល់ទិក ឥឡូវ នេះ កំពុង ស្ថិត ក្នុង ដំណើរ ការ កសាង កម្លាំង ជា ថ្មី ម្ដង ទៀត ដោយ មាន គោលដៅ ពង្រីក ចំនួន ទាហាន ដល់ ទៅ ៤ ០០០ នាក់ ពី ទំហំ បច្ចុប្បន្ន ៤០០ នាក់ តែ យ៉ាង ណា ចំនួន នេះ គឺ នៅ ឆ្ងាយ ពី កម្លាំង ២៥ ០០០ នាក់ ដែល បាន បម្រើ ការ នៅ កោះ នេះ កាល ពី សម័យ សង្គ្រាម ត្រជាក់។
ក្នុង ការ គិត ឡើង វិញ ដ៏ ធំ នៃ ឥរិយាបថ សន្តិសុខ របស់ ខ្លួន ដែល បង្ក ដោយ ការ ឈ្លានពាន របស់ រុស្ស៊ី ទៅ លើ អ៊ុយក្រែន ប្រទេស ស៊ុយអែត កំពុង រៀន ឡើង វិញ អំពី ការ ក្លាយ ខ្លួន ជា មហាអំណាច យោធា ហើយ រួម ជាមួយ ដៃគូ យុទ្ធសាស្ត្រ របស់ ខ្លួន គឺ ហ្វាំងឡង់ ។
ស៊ុយអែត កំពុង ត្រៀម ដាក់ ពាក្យ ចូល ជា សមាជិក អង្គការ ណាតូ ដែល នឹង បញ្ចប់ ជំហរ អព្យាក្រឹត និង មិន ចូល បក្ស សម្ព័ន្ធ ជាង ២០០ ឆ្នាំ របស់ ខ្លួន ។មេ បញ្ជាការ ថ្មី នៃ កង វរសេនា ធំ កោះ ហ្គោតឡែន លោក វរសេនីយ៍ ឯក ម៉ាកនុស ហ្វ្រីកវ៉ាល មាន ទស្សនៈ យ៉ាង ច្បាស់ លាស់អំពី បេសកកម្ម នៃ ការ កសាង សមត្ថភាព យោធា ស៊ុយអែត ឡើង វិញ ក៏ ដូចជា សារៈសំខាន់ នៃ កោះ ដែល កងវរសេនា ធំ របស់ លោក កំពុង ការពារ ។
លោក និយាយ ថា ៖ « បើ អ្នក ជា ម្ចាស់ កោះ ហ្គោតឡែន អ្នក អាច គ្រប់គ្រង ចលនា ផ្លូវ ទឹក និង អាកាស នៅ ក្នុង សមុទ្រ បាលទិក ទាំង មូល »។លោក បាន និយាយ ថា ការ ចូល ជា សមាជិក អង្គការ ណាតូ គឺ ជា ការ សម្រេច ចិត្ត របស់ អ្នក នយោបាយ ប៉ុន្តែ លោក នឹង គាំទ្រ ការ សម្រេច ចិត្ត នេះ ដោយ លោក បាន ប្រាប់ ថា ៖ «កិច្ច សហប្រតិបត្តិការ គឺ ជា រឿង មួយ ប៉ុន្តែ សម្ព័ន្ធភាព គឺ ជា រឿង ផ្សេង ទៀត ។ សម្ព័ន្ធភាព មាន ន័យ ថា អ្នក ទទួល បាន ការ ធានា »។
របាយការណ៍ សភា ដែល បង្ហាញ កាល ពី ថ្ងៃ សុក្រ ដោយ រដ្ឋមន្ត្រី ការ បរទេស ស៊ុយអែត លោកស្រី អាន់ លីនដេ បាន និយាយ ថា សមាជិកភាព របស់ ខ្លួន រួម ជាមួយ ហ្វាំងឡង់ នៅ ក្នុង អង្គការ ណាតូ នឹង បង្កើន ឥទ្ធិពល រារាំង នៅ អឺរ៉ុប ខាង ជើង បើ ទោះ បី ជា ការ វិភាគ ជា ច្រើន បាន ព្រមាន អំពី វិធានការ សងសឹក ពី រុស្ស៊ី នៅ ក្នុង អំឡុង ពេល អន្តរកាល ប្រសិន បើ ស៊ុយអែត ដាក់ ពាក្យ ចូល ជា សមាជិក ។ប្រសិន ការ កាត់ យក ឧបទ្វីប គ្រីមៀរ កាល ពី ឆ្នាំ ២០១៤ គឺ ជា ការ ដាស់ តឿន អ៊ីចឹង ការ ឈ្លានពាន របស់ រុស្ស៊ី ទៅ លើ អ៊ុយក្រែន គឺ ជា ការ ភ្ញាក់ រឭក ដ៏ ធំ មួយ អារម្មណ៍ នៅ ប្រទេស ហ្វាំងឡង់ ដែល បាន ធ្វើ សង្គ្រាម ២ លើក ជាមួយ សហភាព សូវៀត បាន ផ្លាស់ ប្ដូរ យ៉ាង ខ្លាំង ក្នុង រយៈពេល ៦ ខែ ចុង ក្រោយ នេះ ដើម្បី គាំទ្រ ការ ចូល ជា សមាជិក អង្គការ ណាតូ ក្រោម ការ ដឹកនាំ របស់ លោក ប្រធានាធិបតី សូលី នីនីស្តូ ។
ឥឡូវ នេះ ជិត ៨០ ភាគរយ នៃ ប្រជាជន ហ្វាំងឡង់ គាំទ្រ ការ ចូល ជា សមាជិក ធៀប នឹង ត្រឹមតែ ២០ ភាគរយ ប៉ុណ្ណោះ កាល ពី មុន សង្គ្រាម ។ កាល ពី ថ្ងៃ ព្រហស្បតិ៍ លោក នីនីស្តូ និង លោកស្រី នាយក រដ្ឋមន្ត្រី សានណា ម៉ារីន បាន បង្ហាញ ការ គាំទ្រ របស់ ពួក គេ ជា សាធារណៈ ហើយ ការ បោះឆ្នោត ក្នុង សភា ត្រូវ បាន គេ រំពឹង ថា នឹង ធ្វើ នៅ ថ្ងៃ ចន្ទ ។ដើម ឡើយ នាយករដ្ឋមន្ត្រី ស៊ុយអែត លោកស្រី ម៉ាដាលេណា អានឌឺសុន បាន បង្ហាញ ការ ប្រឆាំង ការ ស្នើ ចូល ជា សមាជិក រហូត ដល់ ត្រឹម ដើម ខែ មីនា មុន នឹង ផ្លាស់ ប្ដូរ មក គាំទ្រ វិញ ជា ពិសេស បើ ហ្វាំងឡង់ ដាក់ ពាក្យ ចូល ដែរ ។
អ្នក វិភាគ និយាយ ថា ការ ផ្លាស់ ប្ដូរ នេះ គឺ ដោយសារ ដើម ឡើយ សាធារណជន ស៊ុយអែត មិន សូវ ខ្វល់ នឹង សង្គ្រាម នៅ អ៊ុយក្រែន ទេ ប៉ុន្តែ មតិ សាធារណៈ បាន ផ្លាស់ ប្ដូរ យ៉ាង ខ្លាំង បន្ទាប់ ពី ការ ព្រមាន ពី ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និង រដ្ឋាភិបាល រុស្ស៊ី ថា នឹង មាន ការ ឆ្លើយ តប ប្រសិន បើ ស៊ុយអែត និង ហ្វាំងឡង់ ចូល ជា សមាជិក ណាតូ ។យ៉ាងណា មិញ ស៊ុយអែត និង រុស្ស៊ី មាន ទំនាក់ទំនង យ៉ាង ស្មុគស្មាញ ក្នុង រយៈពេល ៧០០ ឆ្នាំ ចុង ក្រោយ នេះ ដែល រួមមាន ការ ឈ្លានពាន កោះ ហ្គោតឡែន កាល ពី ឆ្នាំ ១៨០៨ ដោយ ប្រទេស រុស្ស៊ី ។
ទាហាន រុស្ស៊ី ១ ៨០០ នាក់ ចុង ក្រោយ ត្រូវ បាន បណ្ដេញ ចេញ ពី កោះ នេះ ១ ខែ មក ប៉ុន្តែ សង្គ្រាម នេះ ត្រូវ បាន បញ្ចប់ ដោយ រុស្ស៊ី កាត់ យក ប្រទេស ហ្វាំងឡង់ ពី ទឹកដី ស៊ុយអែត ។ ៦ ឆ្នាំ ក្រោយ មក ក្នុង ឆ្នាំ ១៨១៤ ប្រទេស ស៊ុយអែត បាន ចូល រួម សង្គ្រាម ចុង ក្រោយ របស់ ពួក គេ។
នៅ ក្នុង សម័យ សង្គ្រាម ត្រជាក់ ប្រទេស ស៊ុយអែត ប្រឈម មុខ នឹង ការ គំរាម កំហែង ពី សហភាព សូវៀត នៅ សមុទ្រ បាល់ទិក ។ កង នាវា ដ៏ ធំ របស់ សូវៀត នៅ តំបន់ កាលីនីនក្រាដ មាន ចម្ងាយ ប្រមាណ ជា ៥០០ គីឡូម៉ែត្រ ពី ឆ្នេរ សមុទ្រ ស៊ុយអែត ។ សហភាព សូវៀត ក៏ បាន ដាក់ ពង្រាយ មីស៊ីល មាន សមត្ថភាព នុយក្លេអ៊ែរ នៅ តំបន់ កាលីនីនក្រាដ ផង ដែរ ។
បន្ទាប់ ពី ការ ដួល រលំ នៃ សហភាព សូវៀត ប្រទេសស៊ុយអែត បាន គិត ថា សង្គ្រាម គឺ ជា រឿង អតីត កាល ដែល មិន ទំនង កើត ឡើង ទៀត ឡើយ នៅ អឺរ៉ុប ។ ពួក គេ បាន ដក កង យោធា ស្ទើរ តែ ទាំង អស់ ចេញ ពី កោះ ហ្គោតឡែន ហើយ កាត់ បន្ថយ ប្រមាណ ៩០ ភាគរយ នៃ ទំហំ កង ទ័ព ជើង គោក របស់ ខ្លួន ខណៈ ពេល ដែល កង ទ័ព ជើង ទឹក និង ជើង អាកាស ត្រូវ បាន កាត់ បន្ថយ ៧០ ភាគរយ ៕