Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ចាត់តំណាងយកថវិកាជិត១៥ម៉ឺនដុល្លារ​ជូនដល់កាកបាទ​ក្រហម​ខេត្តព្រៃវែង

 

Soeun 18 May 2022   ព្រៃវែង៖          នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ បានចាត់តាំងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ នាំយកថវិកាជិត១៥ម៉ឺនដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីចូលរួមអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២ ។

ថវិកាសប្បុរសធម៌នេះ គឺមានចំនួន ១៤៩,៨៩០ដុល្លារសហរដ្ឋអាមេរិក ​ដែល​បាន​មកពីការ​ចូលរួម​ឧបត្ថមត្ភ​ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​ជាប្រធាន​កិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង. ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង និង​សប្បុរសជននានាជាច្រើនទៀត។

ថវិកានេះ បានប្រគល់ជូនដោយផ្ទាល់ដល់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្តព្រៃវែង​ ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ជួយ​ដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ ​និងគ្រោះមហន្តរាយផ្សេងៗ​ឲ្យកាន់តែ​មាន​ប្រសិទ្ធភាព គុណភាព ​និងភាព​រស់រវើក​បន្ថែមទៀត។

ថ្លែងនៅក្នុងពិធីប្រគល់នោះ ឧត្តមសេនីយ៍ឯក ឡោ សុឡេង បានលើកឡើងថា ថវិកាដែលប្រគល់​ជូន​សាខាកាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង ​នាពេលនេះ​គឺជាទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌​នៃការ​ចែករំលែកជួយគ្នា ហើយក៏ជាការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌​របស់​កាក​បាទ​ក្រហមកម្ពុជា ​ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានផងដែរ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ថ្វីត្បិតកម្ពុជា​បច្ចុប្បន្នក៏ជាប្រទេសមួយក្នុងចំណោម​ប្រទេសផ្សេងៗ​ទៀតលើសកលលោក ដែលបានរងផលប៉ះពាល់​ពីជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែថវិកា​ដែលយើងប្រមូលបាន​នៅតែមានចំនួនច្រើននេះ​ស​បញ្ជាក់អោយឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់​ពី​ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ​ក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។

ថ្លែងនៅក្នុងពិធីនោះដែរឯកឧត្តម ​ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា​កាក​បាទ​ក្រហមកម្ពុជាខេត្តព្រៃវែង បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះនាយឧត្តមសេនីយ៍ នេត សាវឿន និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និង​ក្រុមការងារ ព្រមទាំងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំបានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់​របស់​ប្រជាពលរដ្ឋរង​គ្រោះដោយ​ប្រការផ្សេងៗ​បាន​ទាន់ពេលវេលា៕អត្ថបទ៖ បាន ចក់

Click to comment

Leave a Reply

Your email address will not be published.

Facebook