Connect with us

កងកម្លាំងប្រដាប់អាវុធ

សមិទ្ធផលថ្មីតាមដងទន្លេមេគង្គនៃព្រំដែនកម្ពុជាឡាវ តម្លៃ៦៥០,០០០ដុល្លារអាមេរិកត្រូវបានសម្ភោធជាផ្លូវការ

សមិទ្ធផលថ្មីតាមដងទន្លេមេគង្គនៃព្រំដែនកម្ពុជាឡាវ តម្លៃ៦៥០,០០០ដុល្លារអាមេរិកត្រូវបានសម្ភោធជាផ្លូវការ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

អញ្ចើញចូលរួមនាឱកាសនោះមាន ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វិល័យវង ប៊ូដាខា អភិបាលខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ, យុវជន ស.ស.យ.ក សិស្សកាយរិទ្ធ, យុវជនកាកបាទក្រហម, នឹងសិស្សានុសិស្សយ៉ាង ច្រើនកុះករ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា វេទិកាគណៈអធិបតីនិងសំណង់សិល្បការនានា ដែលបានសាង់សង់រួចរាល់នាពេលនេះ ធ្វើឡើងដើម្បីជំនួសឲ្យសំណង់វេទិកាអុំទូកដែលមានសភាពចាស់ទ្រុឌទ្រោម ចាំបាច់ត្រូវសាងសង់ថ្មី ព្រមទាំងមានការជួយ ឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ទើបយើងទទួលបាន នូវព្រឹត្តិការណ៍ថ្មី និងសំណង់សិល្បការថ្មីនានា ដើម្បីសម្រួលដល់ខេត្តព្រះវិហារ ដែលតែងតែរៀបចំពិព័រណ៍វប្បធម៌ ការប្រកួតកីឡា និងការប្រណាំងទូកមិត្តភាពរួមគ្នាប្រចាំឆ្នាំដោយផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះជាមួយខេត្តចម្ប៉ាសាក់ ចាប់ពីឆ្នាំ ២០១៤មក ។ បន្ថែមពីលើនេះ ការសាងសង់វេទិកា និងសំណង់សិល្បការ្យផ្សេងៗនៅទីនេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំងពីរ ព្រះវិហារ ចម្ប៉ាសាក់ ក៏ដូចជាសម្រាប់ប្រទេសទាំងពីរ កម្ពុជា ឡាវ ហើយក៏បាន ជួយលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាមុខមាត់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនផងដែរ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកម្លាំងដែលបានឈរជើងតាមបណ្ដោយព្រំដែនរវាងកម្ពុជា និងឡាវ ដែលកន្លងទៅនេះ បានបំពេញបេសកកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ ដោយធ្វើឲ្យព្រំដែន នៃប្រទេសទាំងពីរ ដែលមានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីផង មានសុខសន្តិភាព ទោះបីថាមានបញ្ហាខ្លះតិចតួច ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលឡាវ បានយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាបញ្ចប់ ទោះបីនៅសល់បញ្ហាខ្លះ ដែលយើងត្រូវដោះស្រាយជាមួយគ្នា ប៉ុន្តែឈរលើគោលការណ៍ ដោះស្រាយដោយសន្តិវិធី និងមានការស្រុះស្រួលគ្នា។

សម្ដេចក្រឡាហោម ស ខេង បន្តថា ដំបូលនៃសុខសន្តិភាព ស្ថិរភាព យើងអាចនិយាយបានថា កម្ពុជាមានឱកាស ឬដណ្តើមបាន ឱកាសមាស ឱកាសពេជ្រ ដើម្បីយើងកសាងប្រទេស អភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះយើងយល់ទាំងអស់គ្នាហើយថា បើស្រុកទេស មានសង្គ្រាមយើងមិនអាចធ្វើអី្វបានទេ ប៉ុន្តែឥឡូវនេះយើងមានសុខសន្តិភាព ស្ថិរភាពពេញលេញដែលជាឱកាសមាស ឱកាសប្រាក់ របស់យើងទាំងអស់គ្នា ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីប្រើប្រាស់ នូវឱកាសដ៏ល្អនេះ គឺជាការចាំបាច់សម្រាប់យើងទាំងអស់គ្នា។ សម្តេចពិតជាមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺនៅតែបន្តរក្សាគោលការណ៍ កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍បន្តទៅទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook