Connect with us

ព័ត៌មានជាតិ

រថយន្តដឹកកម្មករ ៦០% ត្រូវបានច្នៃពីរថយន្តដឹកទំនិញ ដែលអ្នកជំនាញអះអាងថា មិនមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរនោះទេ

ភ្នំពេញ៖ អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំកម្ពុជា  (AIP) បានជំរុញឲ្យមានការកំណត់បញ្ឈប់ការយករថយន្តដឹកទំនិញមកដឹកកម្មករ។

ក្នុងសិក្ខាសាលាលើកទី២ ជាមួយថ្នាក់ដឹកនាំសហជីពកម្មករស្ដីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោក គឹម បញ្ញា បានបញ្ជាក់ថា រថយន្តដឹកទំនិញដែលមិនមានសុវត្ថិភាពយកមកដឹកកម្មករនិយោជិតទៅមកបំពេញការងារមានរហូតដល់ ៦០ភាគរយ ខណៈរោងចក្រតិចតួចប៉ុណ្ណោះ ដែលបានកំពុងអនុវត្តសកម្មភាពសុវត្ថិភាពរបស់កម្មករនៅពេលធ្វើដំណើរ។

នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំកម្ពុជា បន្តទៀតថា ក្នុងចំណោមរថយន្តដែលផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារមានជិត ៤.០០០គ្រឿង ក្នុងនោះប្រមាណ ៦០ភាគរយ គឺជារថយន្តប្រភេទដឹកទំនិញ ហើយរថយន្តមួយចំនួនត្រូវបានកែច្នៃដើម្បីផ្ទុកចំនួនកម្មករឲ្យបានច្រើន ដែលមិនមានសុវត្ថិភាពក្នុងពេលធ្វើដំណើរនោះទេ។ ជាមួយនឹងស្ថានភាពបែបនេះ លោក គឹម បញ្ញា ស្នើដោយជំរុញដល់រាជរដ្ឋាភិបាល រួមនឹងក្រសួងជំនាញ ពិនិត្យ និងកែសម្រួលឲ្យមានការកំណត់បញ្ឈប់ការយករថយន្តដឹកទំនិញមកដឹកកម្មករតទៅទៀត។

យោងតាមរបាយការណ៍របស់បេឡាជាតិសនិ្តសុខសង្គម បានបង្ហាញថា ជាង ៤៩ភាគរយនៃហានិភ័យការងារ ដែលបានរាយការណ៍ ដោយកម្មករនិយោជិតថាបានទទួលរងគ្រោះ គឺជាគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ។ របាយការណ៍ដដែល បានបង្ហាញដែរថា បើទោះបីជាករណីគ្រោះថ្នាក់ភាគច្រើនកើតមានឡើងលើកម្មករដែលធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួនក្តី

ប៉ុន្តែកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកកម្មកររួម នៅតែបន្តទទួលរងគ្រោះនៅពេលធ្វើដំណើរទៅមកបំពេញការងារ។ បើគិតជាមធ្យមក្នុងមួយខែៗ មានករណីគ្រោះថ្នាក់លើរថយន្តដឹកកម្មកររួមបែបនេះយ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់ស្រាលជាច្រើនសិបនាក់ក្នុងករណីនីមួយៗ និងករណីខ្លះរហូតដល់ស្លាប់ ឬពិការជាច្រើននាក់​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook