Connect with us

ព័ត៌មានទាន់ហេតុការណ៍

រុស្ស៊ី​បណ្ដេញ​ក្រុម​អ្នកការទូត​រាប់​សិប​នាក់​របស់​ប្រទេស​បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​

Soeun 19 May 2022 ​រុស្ស៊ី៖ ក្រុង Moscow បាន​បណ្ដេញ​ក្រុម​អ្នកការទូត​ជាច្រើន​នាក់​របស់​ប្រទេស​បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ ជា​ការ​សងសឹក​ចំពោះ​ការ​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​ពី​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប     ជា​ផ្នែក​មួយ​នៃ​ចំណាត់​ការ​រួមគ្នា​ប្រឆាំង​យុទ្ធនាការ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។

​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បណ្ដេញ​បុគ្គលិក​បេសក​កម្ម​ការទូត​បារាំង​ចំនួន ៣៤​នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​បាន​ទុក​រយៈពេល​ ២សប្ដាហ៍​ឲ្យ​ពួកគេ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​។ ​សេចក្ដីថ្លែងការណ៍​ខាងលើនេះ​និយាយថា ក្រុង Moscow បាន​ចេញ​សេចក្ដីប្រកាស​នេះ បន្ទាប់ពី​ការ​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​រុស្ស៊ីលោក Pierre Levy និង​បាន​ប្រាប់​លោក​ថា ការ​បណ្ដេញ​បុគ្គលិក​បេសកកម្ម​ការទូត​រុស្ស៊ី​ចំនួន ៤១នាក់​នា​ពេល​កន្លងមក​គឺជា​សកម្មភាព​បង្ករឿង និង​ជា​ការ​សម្រេចចិត្ត​ខ្វះ​ការពិចារណា​។​

​ក្រោយមក​ក្រសួង​ដដែល​របស់​រុស្ស៊ី​បាន​និយាយ​ថា បុគ្គលិក​ស្ថានទូត​ចំនួន ២៧​នាក់​របស់​អេ​ស្ប៉ា​ញប្រចាំ​នៅ​ទីក្រុង Moscow និង​អគ្គ​កុងស៊ុល​អេ​ស្ប៉ា​ញ​ប្រចាំ​ក្នុង​ទីក្រុង Saint Petersburg ត្រូវ​បាន​ប្រកាស​ឈប់​ស្វាគមន៍​ទៀតហើយ និង​ទុក​ពេល​ឲ្យ ៧​ថ្ងៃ​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​។ ​ខណៈ​ពុំ​មាន​ការចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​បញ្ជាក់​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​ផ្សេងៗ​របស់​រុស្ស៊ី​ថា អ្នកការទូត​អ៊ីតាលី​ចំនួន ២៤​នាក់​ក៏​ត្រូវ​បាន​បណ្ដេញចេញ​ពី​ប្រទេស​រុស្ស៊ី​ដូចគ្នា​ដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook