Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រធានាធិបតី ហ្វាំងឡង់ បញ្ជាក់ ថា ប្រទេស ខ្លួន នឹង ដាក់ ពាក្យ ចូល ជា សមាជិក ណាតូ

ប្រធានាធិបតីហ្វាំងឡង់ លោក Niinisto ធ្វើ សន្និសីទកាសែត កាល ពីថ្ងៃទី ១៥ ខែឧសភា ដើម្បី ប្រកាស ថា ប្រទេសរបស់ លោកនឹង ស្នើ សុំ ចូល ជា សមាជិក របស់ អង្គាការ ណាតូ ។

ប្រធានាធិបតី ហ្វាំងឡង់  លោក  Sauli Niinisto  និយាយ បញ្ជាក់  កាល ពី ថ្ងៃ អាទិត្យ ថា  ប្រទេស របស់ លោក នឹង ដាក់ ពាក្យ សុំ ចូល ជា សមាជិក នៃ សម្ព័ន្ធ មិត្ត យោធា ណាតូ  នៅ ក្នុង ការ ផ្លាស់ ប្តូរ គោល នយោបាយ ជា ប្រវត្តិ សាស្ត្រ  ដែល ការ សម្រេច នេះ ត្រូវបាន ជំរុញ  ដោយ ការ លុកលុយ របស់ រុស្ស៊ី លើ អ៊ុយក្រែន ។

រុស្ស៊ី ដែល មាន ព្រំដែន ជាង  ១ ៣០០  គីឡូម៉ែត្រ  ជាប់ ហ្វាំងឡង់   និយាយ ថា  ជំហាន   នេះ  នឹង ក្លាយ ជា កំហុស មួយ  សម្រាប់ ទីក្រុង ហែលស៊ិនគី ក្នុង ការ ចូល រួម ជាមួយ សម្ព័ន្ធ ភាព ឆ្លង អាត្លង់ទិក  ដែល មាន សមាជិក ចំនួន  ៣០ ប្រទេស  ហើយ វា នឹង ធ្វើ ឱ្យ ប៉ះ ពាល់ ដល់ ទំនាក់ ទំនង ទ្វេ ភាគី ។

ស៊ុយអែត ក៏ ត្រូវ បាន គេ រំពឹង ថា  នឹង ធ្វើ តាម ផង ដែរ  ខណៈ ដែល ការ គាំទ្រ សាធារណៈលើ សមាជិកភាព ណាតូ   កើន ឡើង ចំ ពេល មាន ការ ព្រួយ បារម្ភ អំពី សុវត្ថិភាព ។

ការ ប្រកាស កាល ពី ថ្ងៃ អាទិត្យ  ធ្វើ ឡើង  បន្ទាប់ ពី លោក  Niinisto  និង នាយក រដ្ឋ មន្ត្រី អ្នក ស្រី  Sanna Marin   និយាយ កាល ពី ថ្ងៃ ព្រហស្បតិ៍ ថា  ខ្លួន ពេញ ចិត្ត សមាជិកភាព របស់ អង្គការ ណាតូ  ដោយ ផ្តល់ ភ្លើង ខៀវ ថា  ប្រទេស នេះ  នឹង ដាក់ ពាក្យ ចូល ។

លោក  Niinisto   ប្រាប់ អ្នក យកព័ត៌មាន  ក្នុង វិមាន ប្រធានាធិបតី  នៅ ទីក្រុង ហែលស៊ិនគី  ថា ៖   « ថ្ងៃ នេះ  យើង  ដែល ជា ប្រធានាធិបតី  និង គណៈកម្មាធិការ គោល នយោបាយ ការ បរទេស របស់ រដ្ឋាភិបាល  បាន សម្រេច ចិត្ត រួម គ្នា ថា  ប្រទេស ហ្វាំងឡង់ នឹង ដាក់ ពាក្យ សុំ ចូល ជា សមាជិក ណាតូ »។

លោក  Niinisto   ទូរស័ព្ទ ទៅ មេដឹកនាំ រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)  កាល ពី ថ្ងៃ សៅរ៍ ដើម្បី ប្រាប់  អំពី ផែនការ របស់  ហ្វាំងឡង់ ក្នុង ការ ចូល រួម សម្ព័ន្ធ ភាព ។  លោក ពូទីន  និយាយ ថា  ទង្វើ បែប នេះ នឹង ប៉ះ ពាល់ ដល់ ទំនាក់ ទំនង រុស្ស៊ី – ហ្វាំងឡង់ ។

ប្រធានាធិបតី ហ្វាំងឡង់  ក៏ សម្តែង ការ ត្រៀម ខ្លួន  ដើម្បី ជួប ពិភាក្សា ជាមួយ សមភាគី តួកគី លោក  Tayyip Erdogan  បន្ទាប់ ពី ទី ក្រុង អង់ការ៉ា   បាន លើក ឡើង ពី ការ ជំទាស់ ចំពោះ ការ ចូល រួមជាមួយ ណាតូ របស់ ប្រទេស នៅ តំបន់ ណ័រឌិក ។  ក្នុង នាម ជា   សមាជិក  ណាតូ  តួក គី  អាច  វេតូ  ការ  ដាក់  ពាក្យ  នេះ បាន ។

លោក  Niinisto និយាយ ថា   ៖ « អ្វី ដែល យើង ត្រូវ ការ នៅ ពេល នេះ គឺ ជា ចម្លើយ ដ៏ ច្បាស់ លាស់ ។  ខ្ញុំ ត្រៀម ខ្លួន រួច ជាស្រេច  ក្នុង ការ ពិភាក្សា ថ្មី មួយ ជាមួយ ប្រធានាធិបតី  លោក Erdogan  អំពី បញ្ហា  ដែល លោក បាន លើក ឡើង » ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook