កំពង់ចាមៈ សិស្សានុសិស្ស ជាង ៨ ពាន់ នាក់ នៃ សាលារៀន គោលដៅ ចំនួន ៣៣ ស្ថិតក្នុង ស្រុក ចំនួន ៣ នៃ ខេត្ដ កំពង់ចាម កំពុង ទទួលបាន អាហារ ពេល ព្រឹក នៅតាម សាលារៀន របស់ ពួកគេ ឡើងវិញ នៅក្នុង ឆ្នាំនេះ ក្រោយពី រដ្ឋាភិបាល ប្រកាស បើក ដំណើរការ សាលារៀន ទូទាំងប្រទេស ។
លោកស្រី ផាន់ សាវឿន អនុប្រធាន ការិយាល័យ បឋមសិក្សា នៃ មន្ទីរអប់រំ យុវជន និង កីឡា ខេត្ដ កំពង់ចាម ថ្លែងប្រាប់ សារព័ត៌មាន កម្ពុជាសន្តិភាព កាលពី ថ្ងៃទី ១៩ ឧសភា ថា មាន សាលាបឋមសិក្សា គោលដៅ ចំនួន ៣៣ ស្ថិតនៅក្នុង ស្រុក កងមាស ស្រុក ព្រៃឈរ និង ស្រុក ស្ទឹងត្រង់ នៃ ខេត្ដ កំពង់ចាម កំពុង ទទួល បានការ ផ្ដល់ អាហារ ពេលព្រឹក ឡើងវិញ ចាប់ តាំងពី ខែមីនា មក តាមរយៈ កម្មវិធី ផ្ដល់ អាហារ តាម សាលារៀន របស់ ក្រសួង អប់រំ យុវជន និង កីឡា បន្ទាប់ពី រាជរដ្ឋាភិបាល បាន បើក ឱ្យ ដំណើរការ សាលារៀន ឡើងវិញ ចាប់ តាំងពីដើម ខែវិច្ឆិកា ឆ្នាំ ២០២១ ។
លោកស្រី ថ្លែងថា ៖ « ដោយសារតែ ការរីក រាលដាល ជំងឺ កូវីដ ១៩ កាលពី ឆ្នាំ ២០២១ ការផ្ដល់ អាហារ តាម សាលារៀន បាន ផ្អាក បណ្ដោះអាសន្ន ទើបតែ នៅក្នុង ខែមីនា ឆ្នាំ ២០២២ នេះ យើង ដំណើរការ ឡើងវិញ ។ ក្នុងចំណោម ស្រុក ទាំង ៣ នេះ មាន សាលារៀន គោលដៅ ចំនួន ៣៣ សរុប សិស្សានុសិស្ស ជាង ៨ ពាន់ នាក់ បានទទួល អាហារ តាមរយៈ កម្មវិធី ផ្ដល់ អាហារ តាម សាលារៀន នេះ » ។
លោកស្រី បញ្ជាក់ថា ៖ « តាមរយៈ កម្មវិធី ផ្ដល់ អាហារ ពេលព្រឹក ដល់ សិស្ស តាម សាលារៀន បែបនេះ ការសិក្សា របស់ សិស្ស មាន ការប្រែប្រួល ។ កុមារ នៅពេល ពួកគេ បានទទួល អាហារ បែបនេះ ពួកគេ មក រៀន ទៀងទាត់ ជាង មុន ហើយ លទ្ធផល ការសិក្សា បានល្អ ជាង មុន ផ្ទុយ ពី កាលដែល មិនទាន់មាន កម្មវិធី ផ្ដល់ អាហារ បែបនេះ ពួកគេ ឈប់រៀន ច្រើន ហើយ ការរៀនសូត្រ មិនសូវមាន លទ្ធផល ល្អ ទេ ពីព្រោះ សិស្ស ខ្លះ ស្ថិតក្នុង គ្រួសារ ក្រីក្រ ទទួលទាន អាហារ ពេលព្រឹក មិនសូវ គ្រប់គ្រាន់ » ។
លោកស្រី សាវឿន បានឱ្យ ដឹងថា សាលារៀន គោលដៅ ដែល ត្រូវបាន ជ្រើសរើស ផ្ដល់ អាហារ នេះ គឺ ស្ថិតនៅ តំបន់ ដាច់ស្រយាល ហើយ មាន កុមារ ស្ថិតក្នុង គ្រួសារ ក្រីក្រ ច្រើន ។ អាហារ ដែល ផ្ដល់ ដល់ សិស្ស តាម សាលារៀន នេះ គឺមាន ជីវជាតិ និង អាហារូបត្ថម្ភ ។
ចំណែក ចុងភៅ ដែល ចម្អិន អាហារ ទទួលបាន ការបណ្ដុះបណ្ដាល ត្រឹមត្រូវ ពី គម្រោង នៃ កម្មវិធី ស្បៀងអាហារ ពិភពលោក (WFP) ។
លោកស្រី ថ្លែងថា ៖ « ការ ចម្អិន នេះ គឺ ធ្វើ ទៅតាម ការណែនាំ របស់ WFP ដែល ពួកគេ ធ្លាប់មាន បទពិសោធ ។ ម្ហូបអាហារ ដែល ចម្អិន គឺ យើង ត្រូវ ជ្រើសរើស ប្រភេទ អង្ករ និង ធនធាន ធម្មជាតិ នៅក្នុង សហគមន៍ ដើម្បី យកមក ចម្អិន » ។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និង កីឡា បាន ថ្លែងថា បន្ទាប់ពី រាជរដ្ឋាភិបាល កម្ពុជា បាន បើក ឱ្យ ដំណើរការ សាលារៀន ឡើងវិញ នៅ ទូទាំង ប្រទេស កម្មវិធី ផ្តល់ អាហារ តាម សាលារៀន ក៏ ត្រឡប់ មកវិញ ផងដែរ ។
កម្មវិធី នេះ បានផ្តល់ អាហារ ក្តៅៗ ដែល សម្បូរ ជីវជាតិ ដល់ សិស្សានុសិស្ស ជា រៀងរាល់ ព្រឹក និង បាន ជួយ លើកកម្ពស់ កសិផល ក្នុង សហគមន៍ ព្រោះ បន្លែ និង សាច់ សម្រាប់ កម្មវិធី នេះ ត្រូវបាន ផលិត ក្នុង សហគមន៍ នៅ ជុំវិញ តំបន់ សាលា គោលដៅ នីមួយៗ ។
លោក ថ្លែងថា ៖ « សិស្សានុសិស្ស ដែល កំពុង សិក្សា ក្នុង សាលា គោលដៅ នៅ ទូទាំង ប្រទេស បានបង្ហាញ អារម្មណ៍ រីករាយ បន្ទាប់ពី បានទទួល ទាន អាហារ ពេលព្រឹក នៅ សាលារៀន ឡើងវិញ ។
កម្មវិធី ផ្តល់ អាហារ តាម សាលារៀន ដោយ ប្រើប្រាស់ កសិផល ក្នុង សហគមន៍ កំពុងតែ ផ្តល់ជូន សិស្សានុសិស្ស ចំនួន ជាង ២៧ ម៉ឺន នាក់ នៅតាម សាលា គោលដៅ ចំនួន ១ ១១៣ នៅ ទូទាំង ប្រទេស » ។
ក្នុងនោះ រាជរដ្ឋាភិបាល កម្ពុជា ផ្តល់ជូន អាហារ ជា រៀងរាល់ ព្រឹក ដល់ សិស្ស ចំនួន ជាង ៥ ម៉ឺន នាក់ នៅតាម សាលា ចំនួន ២៩០ និង សិស្សានុសិស្ស ចំនួន ជាង ២២ ម៉ឺន នាក់ នៅតាម សាលា ចំនួន ៨២៣ ទៀត ត្រូវបាន ផ្តល់ជូន ដោយ កម្មវិធី ស្បៀងអាហារ ពិភពលោក ។ នេះ បើតាម ការបញ្ជាក់ របស់ លោក សុវាចា ។ លោក ថ្លែងថា ៖ « អាហារូបត្ថម្ភ ល្អ ចូលរួម លើកកម្ពស់ គុណភាព រៀន និង បង្រៀន ថែមទាំង បណ្តាលឱ្យ គុណភាព ជីវិត រឹតតែ ប្រសើរ » ។
លោក សុវាចា ថ្លែងថា ក្រសួង អប់រំ យុវជន និង កីឡា ស្វាគមន៍ និង ថ្លែងអំណរគុណ ចំពោះ កិច្ចសហការ ជាមួយ ក្រសួង – ស្ថាប័ន ដៃគូ អភិវឌ្ឍន៍ ដូចជា អង្គការ ស្បៀងអាហារ ពិភពលោក និង គ្រប់ភាគី ពាក់ព័ន្ធ ដើម្បី បន្ត លើកកម្ពស់ អាហារូបត្ថម្ភ និង សុខភាព សិក្សា របស់ អ្នកសិក្សា និង ភាគី ពាក់ព័ន្ធ ។
លោក យី គីមថាន តំណាង អង្គការ ភ្លែន អន្តរជាតិ កម្ពុជា លើកឡើង ថា កម្មវិធី ផ្ដល់ អាហារ ពេលព្រឹក ដល់ សិស្សសាលា រៀន នេះ គឺមាន សារៈសំខាន់ ណាស់ ពីព្រោះ អាចជួយ ទាក់ទាញ កុមារ ឱ្យមក រៀន បាន ទៀងទាត់ ខណៈ សព្វថ្ងៃនេះ អង្គការ ភ្លែន អន្តរជាតិ កម្ពុជា បាន អនុវត្ដ កម្មវិធី ផ្ដល់ អាហារ នេះ នៅ តាម សាលារៀន ចំនួន ២២១ ក្នុងស្រុក ចំនួន ៦ នៃ ខេត្ដ សៀមរាប ។
លោក ថ្លែងថា ៖ « កុមារ មួយចំនួន ពួកគាត់ មានការ ខ្វះខាត គ្រួសារ មាន ភាពក្រីក្រ ធ្វើឱ្យ ពួកគាត់ មិនមាន ចំណីអាហារ បរិភោគ គ្រប់គ្រាន់ ពេលខ្លះ អត់ មាន អាហារ ពេលព្រឹក បរិភោគ ថែមទៀត ។ អ៊ីចឹង នៅពេល សាលារៀន មាន អាហារ ពេលព្រឹក កុមារ ចូល ចិត្ដ ក្នុងការ មក រៀន ព្រោះ កាលណា គាត់ មក រៀន គាត់ បាន ហូប អាហារ ហើយ អាហារ នេះ ក៏ ជួយ ឱ្យ កុមារ មាន កម្លាំង ក្នុងការ រៀនសូត្រ នៅក្នុង ថ្នាក់ និង បង្កើន ផ្នែក សុខភាព សិស្ស ផងដែរ »៕