Soeun 20 May 2022 អ៊ុយក្រែន ៖ ជោគវាសនារបស់យុទ្ធជនអ៊ុយក្រែនរាប់រយនាក់ដែលបានចុះចាញ់បន្ទាប់ពីទប់ទល់នឹងការវាយប្រហារឥតត្រាប្រណីលើរោងចក្រដែករបស់ក្រុងម៉ារីវប៉ូល កំពុងស្ថិតក្នុងភាពស្រពេចស្រពិលកាលពីថ្ងៃព្រហស្បតិ៍ទី១៩ឧសភា ចំពេលមានការបារម្ភជាអន្តរជាតិថា រុស្ស៊ីអាចនឹងសងសឹកចំពោះឈ្លើយសឹកទាំងនេះ។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានប្រមូលព័ត៌មានផ្ទាល់ខ្លួន ពីទាហានរាប់រយនាក់ រួមមាន ឈ្មោះ ថ្ងៃខែឆ្នាំកំណើត សាច់ញាតិជិតស្និទ្ធបំផុត ហើយបានចុះឈ្មោះពួកគេជាឈ្លើយសឹក ជាផ្នែកមួយនៃតួនាទីរបស់ខ្លួនក្នុងការធានាឱ្យមានការយកចិត្តទុកដាក់ផ្នែកមនុស្សធម៌លើឈ្លើយសឹកក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ។
អង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅក្នុង Twitterថា ទាហានអ៊ុយក្រែនឥឡូវនេះគឺជាឈ្លើយសឹក ហើយដូច្នេះ “មិនត្រូវទទួលរងនូវការធ្វើទារុណកម្មឬការព្យាបាទណាមួយនោះឡើយ”។
អាជ្ញាធររុស្ស៊ីបាននិយាយថា ពួកយុទ្ធជនជាង ១.៧០០ នាក់នៃរោងចក្រដែក Azovstal ក្នុងទីក្រុងម៉ារីវប៉ូល បានចុះចាញ់ចាប់តាំងពីថ្ងៃចន្ទក្នុងអ្វីដែលហាក់ដូចជាដំណាក់កាលចុងក្រោយក្នុងការឡោមព័ទ្ធជិតបីខែនៃទីក្រុងកំពង់ផែ ដែលឥឡូវត្រូវបានបំផ្លាញខ្ទេចខ្ទាំ។
យ៉ាងហោចណាស់យុទ្ធជនមួយចំនួនត្រូវបានរុស្ស៊ីនាំយកទៅកាន់អតីតអាណានិគមនិរទេសមួយនៅក្នុងទឹកដីដែលគ្រប់គ្រងដោយពួកបំបែកខ្លួនដែលគាំទ្រដោយទីក្រុងមូស្គូ អ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នេះបើយោងតាមមន្ត្រីរបស់ក្រុមផ្តាច់ខ្លួន។
ប៉ុន្តែចំនួនទាហានមិនបានបញ្ចេញឱ្យដឹងគឺបន្តស្ថិតនៅក្នុងរណ្តៅនៃលេណដ្ឋាននិងផ្លូវរូងក្រោមដីនៅក្នុងរោងចក្រដែកដ៏ធំសម្បើមនេះ។
នៅក្នុងសារវីដេអូខ្លីមួយ មេបញ្ជាការរងនៃកងវរសេនាធំអាហ្សូវ (Azov) ដែលដឹកនាំការការពាររោងចក្រដែកបាននិយាយថា គាត់និងអ្នកប្រយុទ្ធផ្សេងទៀតនៅតែស្ថិតនៅខាងក្នុងរោងចក្រ។
លោក ស្វ៊ីយ៉ាតូស្លាវ ប៉ាឡាម៉ា (Svyatoslav Palamar) បាននិយាយថា “ប្រតិបត្តិការមួយកំពុងដំណើរការ ហើយព័ត៌មានលម្អិតខ្ញុំនឹងមិនប្រកាសទេ”។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកកំពុងធ្វើការដើម្បីធានាថា”កងកម្លាំងអន្តរជាតិដែលមានឥទ្ធិពលបំផុតត្រូវបានជូនដំណឹងឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះកងទ័ពរបស់យើង”៕

ទាហានរុស្ស៊ីល្បាតក្នុងទីក្រុងម៉ារីវប៉ូល
យុទ្ធជនអ៊ុយក្រែនត្រឹមបានដឹកទៅកាន់តំបន់គ្រប់គ្រងដោយរុស្ស៊ី ក្រោយសារភាពចុះចាញ់

