Soeun May 2022 ៖ អតីតប្រធានាធិបតីប្រេស៊ីលលោកល្វីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា( Luiz Inacio Lula da Silva) បេក្ខជនមានសម្លេងនាំមុខគេសំរាប់ការបោះឆ្នោតប្រធានាធិបតីនៅខែតុលា បានរៀបការនៅក្នុងពិធីមួយដែលនឹងជះឥទ្ធិពលនយោបាយមួយ។
អ្នកនយោបាយនិយមឆ្វេងវ័យ៧៦ឆ្នាំ ដែលធ្លាប់កាន់តំណែងប្រធានាធិបតីពីឆ្នាំ២០០៣ដល់២០១០រូបនេះ បានរៀបការជាមួយអ្នកសង្គមវិទ្យា រ៉ូសានហ្គេឡា ស៊ីលវ៉ា(Rosangela Silva)អាយុ៥៥ឆ្នាំនៅចំពោះមុខភ្ញៀវប្រមាណ១៥០នាក់ ដែលបានច្រៀងបទចម្រៀងឃោសនាទាំងចាស់ទាំងថ្មីរបស់លោកលូឡា។
វាជាអាពាហ៍ពិពាហ៍លើកទីបីសំរាប់លោកលូឡា ដោយភរិយាពីរនាក់មុនរបស់លោកបានស្លាប់អស់ហើយ។
លូឡា បានចាប់ផ្តើមមានទំនាក់ទំនងជាមួយភរិយាថ្មី ឈ្មោះហៅក្រៅថា ចាន់ចា(Janja)នៅឆ្នាំ២០១៧ នៅពេលលោកកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយចំពោះទោសប្រព្រឹត្តអំពើពុករលួយដែលក្រោយមកត្រូវបានតុលាការកំពូលប្រេស៊ីលបដិសេធចោល។
យោងតាមសេចក្តីថ្លែងការណ៍មួយ លោកលូឡាបាននិយាយក្នុងពិធីអាពាហ៍ពិពាហ៍បែបរ៉ូម៉ាំងកាតូលិចនោះថា « ខ្ញុំបានសំរេចចិត្តរៀបការជាថ្មី ដោយសារតែខ្ញុំជឿថា ប្រេស៊ីលអាចផ្សះផ្សារបាន។ជាបុរសម្នាក់វ័យ៧៦ឆ្នាំនិងកំពុងមានស្នេហា ខ្ញុំមានបំណងក្លាយជាស្វាមី និងដោយគ្រាន់តែចង់បានអ្វីល្អៗសំរាប់ប្រទេសនេះ»។
លោក លូឡា រៀបការប្រពន្ធទីបី ដែលប្អូនលោក២១ឆ្នាំ ក្នុងពិធីមួយក្នុងទីក្រុងសាវប៉ៅឡូ
កន្លែងរៀបការនៅក្នុងទីក្រុងសាវប៉ៅឡូ ត្រូវបានរក្សាជាសម្ងាត់រហូតដល់ថ្ងៃពុធទី១៨ឧសភា ដោយសារតែខ្លាចមានការតវ៉ាប្រឆាំងពីពួកអ្នកគាំទ្រលោកប្រធានាធិបតី បូលសូណារ៉ូ ដូចព្រឹត្តិការណ៍កន្លងមករបស់លោក។ភ្ញៀវរួមមានអ្នកនយោបាយ មិត្តចាស់និងអ្នកសិល្បៈ រួមមានទាំងអ្នកចំរៀងទទួលរង្វាន់Grammyលោកហ្ស៊ីលបែរតូ ហ្ស៊ីល(Gilberto Gil)។
លោកលូឡា ព្យាយាមប្រដូចការប្រកួតប្រជែងយកតំណែងប្រធានាធិបតី ថាជាការប្រយុទ្ធមួយរវាងស្នេហានិងសម្អប់ ដោយភ្ជាប់សុន្ទរកថារបស់លោកទៅនឹងយុទ្ធនាការរបស់លោកបូលសូណារ៉ូ៕
ល្វីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា កំពុងទទួលបានសម្លេងនាំមុខសំរាប់ការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅខែតុលា