Soeun 20 2022 អ៊ុយក្រែន៖ រយៈពេល ១២សប្ដាហ៍នៃការវាយលុករបស់រុស្ស៊ីចូលប្រទេសអ៊ុយក្រែន បានមើលឃើញកងកម្លាំងរបស់ទីក្រុង Kyiv បន្តបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ឧត្ដមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហៅកាត់ថា (UNHCR) និយាយថា ជនជាតិអ៊ុយក្រែនជាង ៦លាននាក់បានភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង។

ការជម្លៀសក្រុមអ្នកប្រយុទ្ធចេញពីរោងចក្រដែកថែប Azovstal បានចាប់ផ្ដើមធ្វើឡើងក្រោមកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយឈ្លើយសឹករុស្ស៊ី។ បន្ទាប់មកបានឈានដល់ការដោះដូរបន្ថែម សម្រាប់ក្រុមអ្នកប្រយុទ្ធរាប់រយនាក់ ខណៈយោធាអ៊ុយក្រែនប្រកាសបញ្ចប់បេសកកម្មប្រយុទ្ធនៅរោងចក្រ Azovstal ក្នុងទីក្រុង Mariupol។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និយាយថា ក្រុមអ្នកចរចាកំពុងព្យាយាមធានាឲ្យមានការរំដោះក្រុមអ្នកប្រយុទ្ធស្នេហាជាតិអ៊ុយក្រែន ដែលនៅសេសសល់ក្នុងរោងចក្រដែកថែប Azovstal ដែលគេប៉ាន់ប្រមាណថាមានជាង 600នាក់។ ចំណែកខាងភាគីក្រសួងការពារជាតិរុស្ស៊ីឯណោះវិញបានបញ្ជាក់ថា ជនជាតិអ៊ុយក្រែន 265នាក់បានទម្លាក់អាវុធចុះប្រគល់ខ្លួនក្នុងចំណោមពួកគេមាន 51នាក់រងរបួស។ ទោះយ៉ាងណាក៏ដោយជោគវាសនារបស់ក្រុមអ្នកប្រយុទ្ធស្នេហាជាតិអ៊ុយក្រែន នៅរោងចក្រដែកថែប Azovstal របស់ទីក្រុង Mariupol នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរាប់រយនាក់បានប្រគល់ខ្លួន និងត្រូវបានបញ្ជូនទៅកាន់ដែនដីគ្រប់គ្រងដោយរុស្ស៊ី។
ក្នុងអំឡុងដើមខែមេសា ក្រុមអ្នកសារព័ត៌មានឯករាជ្យបានចូលទៅកាន់ទីក្រុងមួយ របស់អ៊ុយក្រែននោះគឺទីក្រុង Bucha ដែលស្ថិតនៅភាគខាងភាគពាយ័ព្យរដ្ឋធានី Kyiv ដោយបានមើលឃើញសាកសពរណូករណែលនៅតាមដងផ្លូវនានា។ អ្នកស្លាប់ទាំងនោះស្លៀកសម្លៀកបំពាក់បែបជនស៊ីវិល ហើយខ្លះចងដៃព័ទ្ធទៅក្រោយដែលទំនងជាត្រូវបានប្រហារជីវិត។ ហើយយោងតាមអភិបាលក្រុងនេះបានឲ្យដឹងថា ប្រជាពលរដ្ឋជាង 300នាក់បានស្លាប់ ដែលរុស្ស៊ី និងអ៊ុយក្រែនបានចោទដាក់គ្នាអំពីការសម្លាប់រង្គាលនេះ។ កាលពីថ្ងៃទី១១ ខែឧសភា កងទ័ពអ៊ុយក្រែនបន្តបង្កើនការវាយប្រយុទ្ធរុលចូលទៅកាន់ភាគខាងជើងទីក្រុង Kharkiv ដោយដណ្ដើមបានភូមិ Pytomnyk និងវាយរុញកងកម្លាំងរុស្ស៊ីត្រឡប់ក្រោយ។ កាលពីថ្ងៃទី១២ ខែឧសភា កងកម្លាំងរុស្ស៊ីបានប្រើកាំភ្លើងធំដើម្បីពន្យឺតការរុលទៅមុខ របស់ទាហានអ៊ុយក្រែននៅភាគខាងជើងទីក្រុង Kharkiv។ កាលពីថ្ងៃទី១៣ ខែឧសភា នាយសេនាធិការចម្រុះអ៊ុយក្រែនបានរាយការណ៍ជាលើកដំបូងថា អង្គភាពយោធាជាច្រើនរបស់រុស្ស៊ីកំពុងត្រៀមដកថយពីទីក្រុង Kharkiv។ កងកម្លាំងរុស្ស៊ីបានបរាជ័យក្នុងការព្យាយាមវាយបំបែកសមរភូមិមុខចំនួន២ នៅខាងក្រៅទីក្រុង Izyum និងឆ្ពោះទៅវាយដណ្ដើមយកទីក្រុង Slovyansk។
អគ្គសេនាធិការចម្រុះអ៊ុយក្រែននិយាយថា ក្រុមបច្ចេកទេសកងវរសេនាតូចចំនួន២ របស់រុស្ស៊ីត្រូវបានផ្លាស់ទៅកាន់តំបន់ Severodonets ក្នុងតំបន់ Donbas និងត្រៀមវាយប្រហារលើទីក្រុង Soledar និងទីក្រុង Bakhmut។ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបលោក Josep Borrell ប្រកាសផ្ដល់កញ្ចប់ជំនួយមួយផ្សេងទៀតដល់យោធាជួយអ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ 500លានអឺរ៉ូដែលនាំឲ្យជំនួយសរុបរបស់សហភាពអឺរ៉ុបកើនឡើងដល់ 2ពាន់លានអឺរ៉ូ ($2.1bn)។ លោកថា ប្រាក់ទាំងនោះនឹងយកទៅទិញរថក្រោះ រថពាសដែក កាំភ្លើងធំ និងគ្រាប់រំសេវជាដើម។ ស៊ុយអែត និងហ្វាំងឡង់ប្រកាសថា ខ្លួននឹងដាក់ពាក្យសុំចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ជាការបញ្ចប់ជំហរអព្យាក្រឹត្យរយៈពេល ២សតវត្សរ៍មកនេះ។ កាលពីថ្ងៃទី១៦ ខែឧសភា ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា ទាហានរបស់ខ្លួនបានវាយចូលទៅដល់ព្រំដែនរុស្ស៊ីចម្ងាយ 40km ភាគខាងជើងទីក្រុង Kharkiv។ ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ឬ OHCHR និយាយថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ជនស៊ីវិលយ៉ាងហោចណាស់ 3,778នាក់បានស្លាប់ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ទិន្នន័យនេះរួមទាំងកុមារចំនួន 251នាក់ផងដែរ៕





