Soeun 21May 2022៖ រូបថតពីលើអាកាសដ៏គួរឱ្យញាក់សាច់ពីកន្លែងដាក់ខ្មោចយន្តហោះរបស់រដ្ឋអារីហ្សូណាបានបង្ហាញយន្តហោះលែងប្រើរាប់ពាន់គ្រឿងដាក់តម្រៀបជាជួរយ៉ាងមានរបៀបនៅក្នុងអ្វីដែលអាចជាកន្លែងសម្រាកចុងក្រោយរបស់ពួកវានៅលើវាលខ្សាច់។
អ្នកថតរូបជនជាតិអាល្លឺម៉ង់លោក បឺណាត ឡាង (Bernhard Lang)បានផ្តិតយកទិដ្ឋភាពមិនគួរឱ្យជឿនេះនៅឯក្រុមជួសជុលនិងថែទាំយន្តហោះលេខ៣០៩ (309th AMARG)នៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងធូសសុន (Tucson) ។
យន្តហោះទាំងជួរៗបានអង្គុយរង់ចាំរហូតច្រែះចាប់ឬខូច ឬប្រហែលដើម្បីហោះហើរម្តងទៀត។
ជួរនីមួយៗត្រូវបានរៀបចំតាមគំរូនិងទំហំ រួមទាំងយន្តហោះស៊ីវិលដែលបានចូលនិវត្តន៍ បន្ទាប់ពីតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសដួលរលំដោយសារតែជំងឺរាតត្បាតកូវីដ១៩។
យន្តហោះជិត ៤.០០០ គ្រឿងត្រូវបានដាក់នៅមូលដ្ឋានទ័ពអាកាសដេវីសម៉ុនថាន (Davis-Monthan) នៅលើផ្ទៃដី ១.០៥២ ហិកតាដែលធ្វើឱ្យវាក្លាយជាកន្លែងផ្ទុកនិងរក្សាទុកហោះធំបំផុតនៅលើពិភពលោក។
យន្តហោះយោធាទាំងនោះត្រូវបានចតចោលក្នុងអំឡុងពេលមិនប្រើប្រាស់ជាបណ្ដោះអាសន្ន ឬត្រូវបានទុកចោលរហូតខូចខាត និងត្រូវបានកែច្នៃឡើងវិញ។គ្រឿងបង្គំដែលអាចប្រើប្រាស់បានត្រូវបានដោះចេញនិងលក់បន្ត ចំណែកវត្ថុធាតុដើមត្រូវបានបន្សុទ្ធតាមប្រភេទនិងបញ្ជូនសម្រាប់ការកែច្នៃឡើងវិញ។
វាលខ្មោចយន្តហោះ ថ្វីត្បិតតែមានឈ្មោះចឹងក្តី ក៏នៅតែមានយន្តហោះ ដែលអាចហោះហើរម្តងទៀតផងដែរដែលវាជាប្រធានបទមួយត្រូវបានផ្តោតសំខាន់ដោយសង្គ្រាមនៅអ៊ុយក្រែននិងតម្រូវការក្នុងការប្រគល់អាវុធដល់ប្រទេសនេះដើម្បីជួយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕









ខ្មោចយន្តហោះជាង៤ពាន់គ្រឿងតម្រៀបជាជួរនៅមូលដ្ឋានទ័ពអាកាសដេវីសម៉ុនថាន