Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរ “ទិវាជាតិ នៃការចងចាំ” ២០ឧសភា

មណ្ឌលគិរី៖ ទិវាជាតិ នៃការចងចាំ ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបាន កើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩) គោលបំណង គឺបង្កើត ឡើង ដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសល ដល់ជនរងគ្រោះដែល បានស្លាប់ជាង៣លាននាក់នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ ពិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចាន់ យឿន តំណាងរាស្ត្រមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង/ស្រុកទាំង០៥ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីរួមខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ថង សាវុន បានលើកឡើងបញ្ជាក់ថា ថ្ងៃទី២០ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook