Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងដូសជំរុញទី៥ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ ដែលមានចំនួនប្រមាណកន្លះលាននាក់ នឹងត្រូវចាប់ផ្ដើមចាក់ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នោះគឺសម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយៗ ដែលមានគម្លាតពីដូសទី៤ មកដូសទី៥ រយៈពេលយ៉ាងតិចចំនួន៣ខែ។

ក្នុងសារជាសម្លេងជូនជនរួមជាតិ នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅរសៀលថ្ងៃនេះ សម្ដេចបានសម្រេច តាមរយៈសំណើរបស់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺដូសជំរុញ ដូសទី៥ នឹងត្រូវចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ នោះគឺសម្រាប់អ្នកដែលបានចាក់ដូសទី៤រួចហើយៗ ដែលមានគម្លាតពីដូសទី៤មកដូសទី៥ រយៈពេលយ៉ាងតិចចំនួន៣ខែ។ ដូច្នេះគណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង បានលើកជាផែនការសម្រាប់ការចាក់វ៉ាក់សាំង ទៅលើបងប្អូនដែលបានទទួលនូវការចាក់វ៉ាក់សាំងដូសទី៤ រួចហើយ ក្នុងនោះគឺមាន មន្ត្រី អ្នកការទូត ក៏ដូចជា អ្នកសារព័ត៌មាន និងសិល្បករ សិល្បៈ៊ការិនី ពីធីករ ពិធីការិនី ។ល។

សម្តេចតេជោ បានបន្តថា គណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង នឹងផ្ដល់នូវព័ត៌មានលម្អិតទាក់ទងទៅនឹងទីកន្លែងនៃការចាក់វ៉ាក់សាំង សម្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាពិសេស មន្ត្រីអង្គការសហប្រជាជាតិ និងបុគ្គលិកស្ថានទូតនានា បុគ្គលិកអង្គការជាតិ-អន្តរជាតិ ។ល។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជម្រាបជូនជនរួមជាតិថា ថ្ងៃនេះគឺមានរយៈពេល១៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ សូម្បីតែមួយអ្នក ក្នុងពេលជាមួយគ្នានៅតាមមន្ទីរពេទ្យរបស់យើងអ្នកជំងឺកូវីដ មានត្រឹមតែចំនួន ០៨នាក់ តែប៉ុណ្ណោះ ដែលក្នុងនោះនៅទីក្រុងភ្នំពេញចំនួន ០៤នាក់ និងនៅខេត្តបាត់ដំបង ចំនួន០៤នាក់ ហើយសម្ដេចតេជោក៏បានទទួលនូវព័ត៌មានថា ទាំង០៨នាក់នេះ គឺមានជំងឺផ្សេងៗ តម្រូវឱ្យគាត់ធ្វើការព្យាបាលក្នុងមន្ទីរពេទ្យបន្ត មិនមែនតែមូលហេតុតែមួយគត់ដែលទាក់ទងការឆ្លងនូវកូវីដនោះទេ។ នេះជាព័ត៌មានដ៏ល្អ ដែលមុននេះយើងមានអ្នកជំងឺប្រមាណជា ២ម៉ឺននាក់ ប៉ុន្តែឥឡូវនេះយើងនៅសល់អ្នកជំងឺត្រឹមតែ០៨នាក់។ នេះអាចចាត់ទុកថាជាលទ្ធផលនៃការខិតខំរបស់យើង ជាពិសេសប្រជាពលរដ្ឋចេះការពារខ្លួន តាមរយៈនៃវិធានការសុខាភិបាល និងតាមរយៈការទទួលយកនូវវ៉ាក់សាំង។

សម្ដេចតេជោ សង្កេតឃើញថា ឥឡូវនេះបន្ទាប់ពីការទទួលបាននូវវ៉ាក់សាំង គឺប្រជាពលរដ្ឋដែលមានជំងឺដង្កាត់ទាំងឡាយ ដែលបានកើតកាលពីពេលមុនមានកូវីដ មុនពេលទទួលវ៉ាក់សាំង ដូចជា ជំងឺផ្ដាសាយធំ និងជំងឺខ្លះទៀត មានការថយចុះគួរឱ្យកត់សម្គាល់។ ដែលនេះជាឥទ្ធិពលនៃវ៉ាក់សាំង ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ តាមរយៈយុទ្ធនាការនៃការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងចាក់វ៉ាក់សាំងបានរហូតទៅដល់ជាង១៥លាននាក់ ក្នុងចំណោមប្រជាជន១៦លាននាក់។ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ ឱ្យបន្តរក្សានូវស្ថានភាពដ៏ល្អប្រសើរនេះ តាមរយៈការការពារខ្លួនចំពោះមុខការរាតត្បាតនៃជំងឺដែលមិនទាន់បានបញ្ចប់ ជាមួយនឹងការទទួលយកវ៉ាក់សាំង និងអំពាវនាវបងប្អូនជនរួមជាតិដែលទទួលបានដូសទី២រួចហើយ ប្រញាប់ប្រញាល់មកទទួលដូសទី៣ និងដូសទី៤បន្ត ព្រោះវ៉ាក់សាំងគឺមិនគ្រាន់តែជួយទប់ស្កាត់មិនឱ្យមានស្លាប់ និងឆ្លងកូវីដប៉ុណ្ណោះទេ ក៏ប៉ុន្តែបាននិងកំពុងជួយឱ្យរួចផុតពីជំងឺរាតត្បាតផ្សេងៗទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណចំពោះជនរួមជាតិ ដែលបានចូលរួមសហការក្នុងកិច្ចការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោមានប្រសាសន៍ឱ្យដឹងទៀតថា នៅសល់តែប៉ុន្មានម៉ោងទៀត សម្ដេចនឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជាតម្រង់ទៅប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីនោះ ហើយនៅព្រឹកថ្ងៃទី២៦ ខែឧសភា សម្ដេចនឹងវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ សម្ដេចតេជោ ក៏បានសង្ឃឹមទុកយ៉ាងមុតមាំថា នឹងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនដែលនៅទ្វីបអឺរ៉ុបប្រមាណជាង ១ ៧០០នាក់ ដែលកំពុងរង់ចាំទទួលសម្ដេចនៅប្រទេសស្វីស ដែលនេះបង្ហាញពីសាមគ្គីភាពរវាងមេដឹកនាំនៅក្នុងប្រទេស ជាមួយនឹងបងប្អូនប្រជាជនដែលរស់នៅក្រៅប្រទេស។

សម្ដេចតេជោក៏បានអរគុណចំពោះជនរួមជាតិ ដែលបានគាំទ្រការដឹកនាំរបស់សម្ដេច គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបន្តដំណើរឈានទៅមុខដើម្បីរក្សានូវសុខសន្តិភាព រក្សាជាមួយនឹងអ្វីដែលកំពុងមាននៅក្នុងដៃមិនឱ្យបាត់បង់។ សម្ដេចតេជោបានប្រសាសន៍ដោយក្ដីសង្ឃឹមជឿជាក់ថា ការគាំទ្រនេះពិតជាមានតម្លៃសម្រាប់សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសយើង ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook