Soeun 21 May 2022៖ ចិនកំពុងធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូង ចំពេលប្រធានាធិបតីអាម៉េរិកធ្វើទស្សនកិច្ចកូរ៉េខាងត្បូងនិងជប៉ុន ដែលមួយផ្នែកនៃដំណើរនេះផ្តោតលើការទប់ទល់ឥទ្ធិពលកាន់តែកើនឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ការិយាល័យរដ្ឋបាលសុវត្ថិភាពសមុទ្រនៅក្នុងខេត្តដែនកោះហៃណានភាគខាងត្បូង បាននិយាយថា សមយុទ្ធបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ហើយនឹងបន្តធ្វើរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ វាបាននិយាយថា យន្តហោះនិងនាវានឹងត្រូវហាមឃាត់មិនអោយហោះឬបើកចូលក្នុងតំបន់នេះទេ។
សូមបញ្ជាក់ថាចិនអះអាងអធិបតេយ្យភាពធំល្វឹងល្វើយនៅសមុទ្រចិនខាងត្បូង ដែលជាន់ការអះអាងកម្មសិទ្ធិរបស់ប្រទេសក្បែរខាងមួយចំនួនជាហេតុនាំអោយផ្លូវទឹកដ៏សំខាន់នេះក្លាយជាចំណុចក្តៅងាយនឹងកើតមានជម្លោះនៅអាស៊ី។
តាមពិតអាម៉េរិកមិនមានចំណែកកម្មសិទ្ធិក្នងសមុទ្រនេះទេ តែតែងបញ្ជូនយន្តហោះនិងនាវាបើកកាត់ក្បែរៗកោះរបស់ចិននៅទីនោះដោយអះអាងអំពីសិទ្ធិបើកបរដោយសេរីនៅក្នុងអ្វីដែលខ្លួនអះអាងថាជាដែនទឹកអន្តរជាតិ។ទោះជាយ៉ាងណា ចិនតែប្រឆាំងតវ៉ាចំពោះបេសកកម្មដូច្នេះ ដោយហៅវាថាជាការបង្ករឿងដែលធ្វើអោយគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពតំបន់។
រូបភាពបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរចិនកាលពីឆ្នាំ២០២១ បង្ហាញយន្តហោះប្រយុទ្ធJ-15ហាត់ឡើងចុះនៅលើនាវាផ្ទុកយន្តហោះLiaoningនៅសមុទ្រចិនខាងត្បូង
ចាប់តាំងពីដើមខែឧសភាមកនាវាដឹកយន្តហោះទីមួយរបស់ចិន ឈ្មោះលីអាវនីង( Liaoning)បាននិងកំពុងធ្វើបេសកកម្មមួយនៅក្នុងសមុទ្រចិនខាងត្បូង ដោយក្រសួងការពារជាតិបានពណ៌នាវាថាជា«ការហ្វឹកហាត់ធម្មតា»ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ ដែលស្របតាមច្បាប់និងការប្រតិបត្តិអន្តរជាតិ ដោយមិនសំដៅលើភាគីណាមួយទេ។
ចិនក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនH-6ដែលអាចបំពាក់គ្រាប់នុយក្លេអ៊ែរអោយហោះកាត់តំបន់នេះផងដែរកាលពីថ្ងៃពុធ នេះបើតាមសារព័ត៌មានចិន។
នៅជប៉ុនឯណោះវិញប្រធានាធិបតីបៃដិន នឹងជួបប្រជុំជាមួយមេដឹកនាំមកពីសម្ពន្ធភាពយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកហៅថាក្វាដ(Quad)នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
ប្រទេសក្នុងក្រុមក្វាដដែលរួមមានអាម៉េរិក អូស្ត្រាលីជប៉ុននិងឥណ្ឌា សម្តែងការព្រួយបារម្ភរួមគ្នាអំពីឥទ្ធិពល កំណើនកម្លាំងយោធានិងការអាងយ៉ាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់។ចិនមើលឃើញក្រុមបួនប្រទេសនេះថាជាផ្នែកនៃការជំរុញរបស់អាម៉េរិកដើម្បីរារាំងការរីកចំរើនទាំងសេដ្ឋកិច្ចនិងយោធារបស់ខ្លួន និងរំខានការប៉ុនប៉ងរបស់ខ្លួនដើម្បីនាំកោះតៃវ៉ាន់មកបង្រួមបង្រួមជាមួយមហាចិនដីគោកវិញ។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសចិនក៏បានរិះគន់ចំណាត់ការអវិជ្ជមានរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងតូក្យូប្រឆាំងនឹងចិនប៉េកាំង ៕
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ចេញដំណើរមកកាន់អាស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី១៩ឧសភា