Connect with us

ព័ត៌មានជាតិ

កម្ពុជានិងចិន ចាប់ផ្តើមចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍវិស័យថាមពលធំៗចំនួន២

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា កម្ពុជានិងចិន បានសម្រេចសមិទិ្ធភាពថ្មីចំនួន០២ គម្រោងបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំនៃក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានផ្តល់កិត្តិយសចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) លើគម្រោងវិនិយោគវិស័យថាមពលចំនួន ០២គឺ គម្រោង “វារីអគ្គិសនីស្ទឹងតាតៃលើ” ជាមួយក្រុមហ៊ុន China National Heavy Machinery Corporation និងគម្រោង “ខ្សែបញ្ចូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ” ជាមួយក្រុមហ៊ុន Schneitec Co., Ltd.។

គួរជម្រាប់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាពីចុងខែតុលា ឆ្នាំ២០២០កន្លងទៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្នុងនោះ រដ្ឋាភិបាល ក៏បានពន្លឿនកិច្ចពិភាក្សាជុំវិញ ការអភិវឌ្ឍគម្រោងវារីអគ្គិសនីតាតៃលើអនុភាព១៥០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីឈានទៅសាងសង់ឲ្យបានឆាប់ៗរហ័ស។ ជាងនេះទៀត គម្រោងវិនិយោគអភិវឌ្ឍន៍សាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានរដ្ឋាភិបាលលើកយកពិភាក្សាកិច្ចប្រជុំនេះថែមទៀតផងដែរ។

គួរជម្រាប់ថា ជុំវិញគម្រោងវារីអគ្គិសនីតាតៃលើអនុភាព១៥០ មេហ្គាវ៉ាត់នេះដែរ បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមហ៊ុនចិនចំនួន២ Chint Group និង Sinomath-HE បានស្នើទៅក្រសួងរ៉ែ និងថាមពល សិក្សាពីលទ្ធភាព តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ។

ជាមួយគ្នានេះ បើតាម លោក វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ធ្លាប់បានឱ្យដឹងថា កាលពីថ្មីៗនេះថា គម្រោងវារីអគ្គិសនីអានុភាព១៥០មេហ្គាវ៉ាត នេះ មានទីតាំងស្ថិតនៅផ្នែកខាងលើ ស្ទឹងតាតៃ ឬប្រមាណ ២០គីឡូម៉ែត្រ ពីទីតាំងវារីអគ្គិសនីតាតៃដែលដាក់ដំណើរការផលិតថាមពល កាលពីឆ្នាំ២០១៥៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook