Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលសម្រេចផ្លូវការឱ្យឯកជនវិនិយោគជាង ៨០០ លានដុល្លារ សង់វារីអគ្គិសនី និងខ្សែបញ្ជូនតង់ស្យុងខ្ពស់

ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ២ វិនិយោគទឹកប្រាក់ជាង ៨៣០ លានដុល្លារអាមេរិក ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុង និងនិងបណ្តាញបញ្ជូនតង់ស្យុងខ្ពស់២ខ្សែទៅព្រំដែនឡាវ និងថៃ។

កិច្ចព្រមព្រៀងវិនិយោគថាមពលទាំងពីរនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនវិនិយោគថាមពលទាំងពីរ កាលពីថ្ងៃទី៨ ខែធ្នូកន្លងទៅនេះ។

គម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត មានឈ្មោះថា “វារីអគ្គិសនីស្ទឹងតាតៃលើ” គឺជាការវិនិយោគដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។ គម្រោងនេះ ស្ថិតនៅផ្នែកខាងលើនៃស្ទឹងតាតៃ នៃស្រុកថ្មបាំង ខេត្តកោះកុង។

គម្រោងនេះនឹងប្រើថវិកាវិនិយោគ សរុប ៣៩០ លានដុល្លារ ដោយមានកិច្ចសន្យាសម្បទានវិនិយោគរយៈពេល ៣៥ឆ្នាំ។ ក្រោយដាក់ដំណើរការ វារីអគ្គិសនីស្ទឹងតាតៃលើ អាចផ្គត់ផ្គង់ថាមពលដល់ទៅ ៥២៧គីឡូវ៉ាតម៉ោង ក្នុងមួយឆ្នាំ។

ចំណែកគម្រោងកសាងខ្សែបញ្ជូន ៥០០គីឡូវ៉ុលវិញ គឺវិនិយោគដោយ ក្រុមហ៊ុន Schenitec Co Ltd ដោយនឹងសាងសង់ចំនួនពីរខ្សែ។ ទីមួយគឺពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ មានប្រវែង ២០០ គីឡូម៉ែត្រ វិនិយោគអស់ទឹកប្រាក់៣៣០ លានដុល្លារ និងមានរយៈពេលសម្បទានវិនិយោគ ២៨ឆ្នាំ។

ចំណែកឯទី ២ គឺពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ មានប្រវែង ១០៧គីឡូម៉ែត្រ ក្រោមទុនវិនិយោគ១១០លានដុល្លារ និងក្រោមសម្បទានវិនិយោគរយៈពេល៣៩ឆ្នាំ។

គួរបញ្ជាក់ផងថា គម្រោងទាំងពីរនេះជាការវិនិយោគ ក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ ហើយត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែតុលា កន្លងទៅនេះ។

Click to comment

Leave a Reply

Your email address will not be published.

Facebook