(ភ្នំពេញ)៖ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣(រង្វង់មូលចោមចៅ-ក្រុងកំពត) សម្រេចបាន៨៣ភាគរយ ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ។

បើតាមក្រសួងសាធារណការបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ បានបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបាន ៨៣ ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៣នេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅ មួយគន្លងមក)៕

