Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត បញ្ជាឱ្យឈប់បូមខ្សាច់សិន ហើយត្រូវសិក្សាផលប៉ះពាល់បរិស្ថានរបស់គម្រោងឆ្នេរសិប្បនិមិត្តថ្មីនៅកំពតឡើងវិញ

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានស្នើឱ្យក្រុមហ៊ុនសិក្សាផលប៉ះពាល់បរិស្ថានឡើងវិញសម្រាប់គម្រោងឆ្នេរសិប្បនិមិត្តថ្មីនៅខេត្តកំពត។ ក្នុងដំណាក់នេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការបូមខ្សាច់សិន ហើយត្រូវពិនិត្យលើការជីកផ្លូវទូកម្ដងទៀត ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងក្នុងពេលចុះពិនិត្យការដ្ឋានរបស់ក្រុមហ៊ុន IGB Cambodia Co, Ltd ថា សកម្មភាពជីកឃ្លងផ្លូវទូក និងការបូមខ្សាច់ចេញពីសមុទ្រអាចនឹងប៉ះពាល់ដល់ជិវិតដើមកោងកាង និងជីវៈចម្រុះដទៃទៀត ដោយសារការជីកឃ្លងផ្លូវទូកមានទំហំធំ និងជម្រៅរហូតដល់ ៤ ម៉ែត្រ។

ដូច្នេះខាងរដ្ឋបាលខេត្ត បានស្នើឱ្យក្រុមហ៊ុនត្រូវរកវិធីជីកឃ្លងផ្លូវទូកថ្មី ដែលមិនប៉ះពាល់ដល់ប្រព័ន្ធលំហូរទឹក។ ដោយឡែក ទាក់ទិននឹងសកម្មភាពបូមខ្សាច់ចេញពីបាតសមុទ្រ ក្រុមហ៊ុនគឺត្រូវផ្អាកសកម្មភាពសិន ព្រោះមិនទាន់មានការសិក្សាច្បាស់លាស់ និងត្រូវទៅតាមបទដ្ឋាននៅឡើយ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងការវិនិយោគនៅកន្លែងឆ្នេរតេជោសែននេះ ក្រុមហ៊ុនកំពុងចាក់ដីបំពេញតាមលក្ខខណ្ឌ គឺកំពុងដំណើរការ។ ហើយខាងរដ្ឋបាលខេត្តបានចុះទៅពិនិត្យមើលគឺទើបតែបាន ប្រមាណ ៦០% ទៅ ៧០% ប៉ុណ្ណោះ ហើយរដ្ឋបាលខេត្តកំពុងជំរុញឱ្យការអភិវឌ្ឍនោះបានលឿន ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅពេលខាងមុខនេះ »។

គួរបញ្ជាក់ផងដែរថា គម្រោងឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា នេះ មានទីតាំងនៅលើរមណីយដ្ឋានឆ្នេរមាសតេជោសែន ស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook