Soeun 28 May 2022 ៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)បានរឹបអូសយកនាវាដឹកប្រេងក្រិកពីរគ្រឿងនៅឈូងសមុទ្រពែក្សកាលពីថ្ងៃសុក្រទី២៧ឧសភាគឺតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងអាថែនបានបញ្ជាក់ថា ខ្លួននឹងប្រគល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវប្រេងអ៊ីរ៉ង់ដែលខ្លួនបានរឹបអូសពីកប៉ាល់ដឹកប្រេងរុស្ស៊ី។
កងឆ្មាំបដិវត្តន៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេបសាយផ្លូវការរបស់ពួកគេថា “កងកម្លាំងទ័ពជើងទឹក IRGC នៅថ្ងៃនេះ (ថ្ងៃសុក្រ)បានរឹបអូសយកនាវាដឹកប្រេងក្រិកពីរគ្រឿងនៅឈូងសមុទ្រពែក្ស ដោយសារតែការបំពានដែលត្រូវបានប្រព្រឹត្ត” ពួកគេមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជា “ការរំលោភបំពាន” នោះទេ។
ភ្លាមនោះក្រិកបានចោទអ៊ីរ៉ង់ពីបទប្លន់។ ក្រសួងការបរទេសក្រិកបាននិយាយថា ឧទ្ធម្ភាគចក្រអ៊ីរ៉ង់បានទម្លាក់កងកុម្ម៉ង់ដូលើនាវាដឹកប្រេងពីរគ្រឿង ក្រសួងបាននិយាយថា នាវាមួយក្នុងចំណោមនោះគឺនាវា Delta Poseidon កំពុងធ្វើដំណើរក្នុងដែនទឹកអន្តរជាតិនៅពេលនោះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Polembros ដែលមានមូលដ្ឋាននៅទីក្រុងអាថែន បានកំណត់អត្តសញ្ញាណនាវាដឹកប្រេងទីពីរឈ្មោះថា Prudent Warrior ។
អ្នកនាំពាក្យបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា “នាវានេះត្រូវបានរឹបអូសដោយអាជ្ញាធរអ៊ីរ៉ង់។ យើងមិនមានទំនាក់ទំនងជាមួយពួកគេទេនៅពេលនេះ” ក្រសួងការបរទេសក្រិកបាននិយាយថាកប៉ាល់ដឹកប្រេងទីពីរបានស្ថិតនៅក្បែរឆ្នេរសមុទ្រអ៊ីរ៉ង់ពេលគេចាប់បាន។
ក្រសួងបាននិយាយថា ជនជាតិក្រិកប្រាំបួននាក់បានស្ថិតក្នុងចំណោមនាវិកនៃនាវាទាំងពីរ ប៉ុន្តែមិនបានផ្តល់តួលេខសម្រាប់នាវិកផ្សេងទៀតនៅលើនាវានោះទេ។
សកម្មភាពរបស់អ៊ីរ៉ង់ប្រឆាំងនឹងកប៉ាល់ដឹកប្រេងដែលមានទង់ជាតិក្រិក បង្ហាញពីការកើនឡើងភាពតានតឹងយ៉ាងខ្លាំងនៅក្នុងជម្លោះការទូត ដែលបានផ្ទុះឡើងចាប់តាំងពីក្រិកបានរឹបអូសយកនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ី និងទំនិញអ៊ីរ៉ង់កាលពីខែមុន។
ក្រសួងការបរទេសអ៊ីរ៉ង់បានទាមទារកាលពីព្រឹកថ្ងៃសុក្រឱ្យក្រិកដោះលែងកប៉ាល់នេះ ដោយនិយាយថា គម្រោងការផ្ទេរទំនិញរបស់ខ្លួនទៅសហរដ្ឋអាម៉េរិកគឺជា “ការរំលោភយ៉ាងច្បាស់ក្រឡែត” លើច្បាប់អន្តរជាតិ។
ក្រុងអាថែនបានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនមានបំណងបញ្ជូនប្រេងអ៊ីរ៉ង់ចំនួន ១១៥.០០០ តោនពីកប៉ាល់ដឹកប្រេង Pegas ទៅកាន់សហរដ្ឋអាម៉េរិកតាមសំណើរបស់ក្រសួងរតនាគារ ដែលមើលការខុសត្រូវលើការអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់៕


កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថតកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩