Soeun 28 May 2022កំពង់ស្ពឺ: បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូត្រូវរថយន្តបុកត្រង់ចំណុចភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៣.១៣៤ កាលពីវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
នគរបាលស្រុកឧដុង្គបានឲ្យដឹងថាជនរងគ្រោះទាំងពីរមានឈ្មោះសាន ជ័យ អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរឈ្មោះជិន ម៉ុន អាយុ៣៥ឆ្នាំ។ ជនរងគ្រោះទាំងពីនាក់រស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៩ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១J-៥៨៥៦ បានបើកវ៉ាជែងរថយន្តមួយគ្រឿង ហើយបានជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងផ្សេងទៀតម៉ាកសាំងយ៉ុង ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម ២A-១៧០៧ បណ្តាលឲ្យជនរងគ្រោះស្លាប់ទាំងពីរនាក់នៅនឹងកន្លែង។ ដោយឡែកអ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយព្រោះក្រោយកើតហេតុបានចុះគេចខ្លួនបាត់។
ក្រោយកើតហេតុមន្ត្រីជំនាញបានវាស់វែង ហើយបានប្រគល់សពជនរងគ្រោះទាំងពីរនាក់ ជូនទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់រងចាំដោះស្រាយនៅពេលក្រោយ៕

