Soeun 28 May 2022ភ្នំពេញ៖ ប្រេសិតពិសេសអាស៊ាន ហាក់សំដែងការខកចិត្ត ចំពោះវិបត្តិនយោបាយដែលបន្តអូសបន្លាយនៅប្រទេសភូមា ខណៈដែលវិបត្តិនេះ ត្រូវបានគេមើលឃើញថាមានលក្ខណៈស្មុគស្មាញ និងចាក់ស្រែះកាន់តែជ្រៅទៅ។
ការលើកឡើងយ៉ាងដូច្នេះ គឺដោយលោក ប្រាក់ សុខន ខណៈពេលដែល លោកកំពុង
ទន្ទឹងរង់ចាំ ដំណើរ ទស្សនកិច្ចលើក ទីពីរទៅ កាន់ ប្រទេស មីយ៉ាន់ម៉ានៅពេលដ៏ខ្លីខាងមុខនេះ។
«៥ខែហើយ គិតចាប់តាំងពីការជូនព័ត៌មានលើកដំបូងរបស់ខ្ញុំដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ាកាលពីខែមករាដើមឆ្នាំនេះ។ ជាក់ស្តែង ប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ»។ នេះគឺជាការកត់សំគាល់របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ានដែលកម្ពុជាជាប្រធាន។
យ៉ាងណាក្តី បើតាមប្រមុខការទូតកម្ពុជារូបនេះ គឺមិនទាន់អស់សង្ឃឹមនោះទេ ដរាបណាភាគីពាក់ព័ន្ធ រួមទាំងអាស៊ាន និងសហគមន៍អន្តរជាតិ បន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ាប្រកបដោយការស្ថាបនា ផ្ទុយពីនយោបាយឯកោនិយម។ ក៏ប៉ុន្តែកម្ពុជាទទួលស្គាល់ថាវិបត្តិនៅមីយ៉ាន់ម៉ាគឺមានលក្ខណៈកាន់តែចាក់ស្រែះជ្រៅទៅ។
សម្រាប់ប្រេសិតពិសេសរូបនេះ ខណៈពេលដែលកម្ពុជាកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន គឺគេនៅតែមានសង្ឃឹមថាកិច្ចប្រឹងប្រែងនោះនឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាទាំងមូល។
លោក ប្រាក់ សុខុន បានផ្តល់ក្តីរំពឹងចំនួន៥ចំណុច ខណៈពេលដែលលោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលដ៏ខ្លីខាងមុខនេះ គឺការបញ្ឈប់អំពើហិង្សា ការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ការផ្តល់ជំនួយមនុស្សធម៌ និង ជាពិសេស សុទិដ្ឋិនិយម។
កាលពីខែកុម្ភៈ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថា លោកនឹងមិនឈឺក្បាលចំពោះជម្លោះនយោបាយនៅភូមាតទៅទៀតឡើយ ដោយសារតែនៅសល់ពេលប៉ុន្មានខែទៀត កម្ពុជាត្រូវផុតអាណត្តិជាប្រធានអាស៊ានហើយ បន្ទាប់ពីលោកបានព្យាយាមអស់លទ្ធភាព ដើម្បីដោះស្រាយពីវិបត្តិនៅភូមាដែលអូសបន្លាយរាប់សិបឆ្នាំមកនេះ៕