(ភ្នំពេញ) : អតីតផលិតករ និងជាអតីតមន្ត្រីសហជីព លោក រ៉ាត់ រ័ត្នមុនី កាលពីរសៀលថ្ងៃសុក្រទី១១ ខែធ្នូម្សិលមិញនេះ ត្រូវបានតុលាការដោះលែងអោយមានសេរីភាពវិញហើយ បន្ទាប់ពីត្រូវបានតុលាការអនុវត្តទោសនៅក្នុងពន្ធនាគាររយៈពេល២ឆ្នាំ។
លោក រ៉ាត់ រ័ត្នមុនី ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទ «ញុះញង់អោយមានការរើសអើង»កាលពីថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០១៨។ លោក រ៉ាត់ រ័ត្នមុនី ផលិតករខ្សែភាពយន្តឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ត្រូវបានដោះលែងអោយមានសេរីភាពកាលពីរសៀលថ្ងៃទី១១ ធ្នូឆ្នាំ២០២០នេះ បន្ទាប់ពីលោកបានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល២ឆ្នាំរួចមក។ នេះបើតាមលោក សំ ទិតសីហា មេធាវីការពារក្តីអោយលោក រ៉ាត់ រ័ត្នមុនី ប្រាប់បណ្តាញព័ត៌មាន។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សំណុំរឿងរបស់លោក រ៉ាត់ រ័ត្នមុនី នៅមិនទាន់បញ្ចប់នៅឡើយទេ។ ដោយសារលោក រ៉ាត់រ័ត្នមុនី បានប្តឹងសារទុក្ខចំពោះការកាត់ក្តីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញទៅកាន់តុលាការកំពូល។ តុលាការកំពូល ដែលបានបង្វិលសំណុំរឿងនេះ អោយតុលាការសាលាឧទ្ធរណ៍ បើកសវនាការរកខុសត្រូវឡើងវិញ។

បើតាមលោកមេធាវី លោក រ៉ាត់ រ័ត្នមុនី ត្រូវស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំរបស់លោកត្រលប់មកវិញ បើទោះបីជាពេលនេះ លោកមានសេរីភាពនិងរួចផុតពីការអនុវត្តន៍ទោសហើយក្តី។
សូមបញ្ជាក់ថា លោក រ៉ាត់ រ័ត្នមុនី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសអោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទ «ញុះញង់អោយមានការរើសអើង» ដោយសារលោកបានជួយផលិតភាពយន្តឯកសារដែលមានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» អោយទូរទស្សន៍រដ្ឋរុស្ស៊ីឈ្មោះ RT។ ជាខ្សែភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។
គួររំលឹកដែរថា លោក រ៉ាត់ រ័ត្នមុនី ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួននៅទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែលលោកព្យាយាមសុំសិទ្ធិជ្រកកោនទៅកាន់ប្រទេសទី៣។
បន្ទាប់ពីបានបញ្ជូនមកដល់ប្រទេសកម្ពុជា លោក រ៉ាត់ រ័ត្នមុនី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំពីបទ «ញុះញង់អោយមានការរើសអើង»៕