Connect with us

ព័ត៌មានជាតិ

អាមេរិក ផ្ដល់ថវិកាជិត ៧០លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាផ្លូវការលើការផ្លាស់ប្តូរកំណត់សំគាល់ឆ្លុះបញ្ចាំងពីការបន្ថែមទឹកប្រាក់ចំនួន ៦៦.២ លានដុល្លារដល់កិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ដែលផ្តល់សម្រាប់ប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីម្សិលមិញក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្ដម ជិន ប៊ុនស៊ាន តំណាងឱ្យភាគីកម្ពុជា និងលោកស្រី Veena Reddy នាយកបេសកម្មនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិតំណាងឱ្យភាគីអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ថវិកាបន្ថែមនេះនឹងគាំទ្រដល់សុខភាពសាធារណៈ និងអប់រំចំនួន ៤៣.៣ លានដុល្លារ និងកសិកម្ម និងបរិស្ថានចំនួន ២២.៩ លានដុល្លារ។ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រមាណជា ១.៥ ពាន់លានដុល្លារស្មើនឹង ៦.១០% នៃការផ្តល់មូលនិធិ ODA សរុបដោយដៃគូអភិវឌ្ឍន៍ទាំងអស់មកកាន់ប្រទេសកម្ពុជាដោយផ្តោតលើវិស័យអាទិភាពដូចជា៖ សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច អភិវឌ្ឍន៍ប្រជាធិបតេយ្យ និងការដោះមីន។

ប្រភពដដែលបានបន្ថែមថា ជំនួយនេះត្រូវគ្នាទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដូចជាប្រជាជនរបស់ខ្លួន ដែលបានបន្តការគាំទ្រ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook