
ភ្នំពេញៈ អគ្គលេខាធិការកីឡាលើកទម្ងន់អន្តរជាតិ (IWF) លោក Hasan Jalood នឹងរៀបចំក្រុមការងារពិសេសមកទស្សនិកិច្ចនៅកម្ពុជានាអម្លុងខែកក្កដា ខាងមុខនេះ ដើម្បីពិនិត្យលទ្ធភាពជួយដល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។ក្រុមការងារនេះនឹងជួយគាំទ្រសម្ភារៈហ្វឹកហាត់ និងការរៀបចំការប្រកួតសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងឆ្នាំ២០២៣ ។អគ្គលេខាធិការកីឡាលើកទម្ងន់កម្ពុជាលោក សំ សុខយី បានគូសបញ្ជាក់ថាគម្រោងអញ្ជើញលោកអគ្គលេខាធិការកីឡាលើកទម្ងន់អន្តរជាតិមកកម្ពុជាបានធ្វើឡើងតាមរយៈសារអេឡិចត្រូនិកជាប់ជាប្រចាំពិសេសកាលនៅក្នុងជំនួបផ្ទាល់កាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាមកាលពីខែឧសភាកន្លងមក។


លោក Hasan Jalood បានប្ដេជ្ញាខ្ពស់ក្នុងការជួយជាសម្ភារៈហ្វឹកហាត់ ជួយពិនិត្យមើលនិងរៀបចំលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្តរជាតិ។ ជាមួយគ្នានោះសហព័ន្ធលើកទម្ងន់អាស៊ី (AWF) ក៏ដូចជាសហព័ន្ធលើកទម្ងន់អាស៊ីអាគ្នេយ៍ (SEAWF) ក៏បានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ជាមួយនឹងការត្រៀមខ្លួនស៊ីហ្គេម២០២៣របស់កម្ពុជានេះដែរសហព័ន្ធលើកទម្ងន់កម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសចិនតាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងបណ្តាប្រទេសជាមិត្ត ក្នុងអាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេសថៃ បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការគាំទ្រដល់ដំណើរបណ្ដុះបណ្តាលធនធានមនុស្សសម្រាប់រៀបចំការប្រកួតនិងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិលើកទម្ងន់កម្ពុជា នៅប្រទេសថៃទៀតផង។

ក្នុងស៊ីហ្គេម លើកទី៣១កន្លងទៅថ្មីៗនេះ លោក ផេង ប៉ាក អគ្គលេខាធិការរង ប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានប្រតិភូដឹកនាំចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម បានលើកឡើងថា បើទោះបីជាកីឡាករ កីឡាការិនីលើកទម្ងន់កម្ពុជា មិនទទួលបានលទ្ធផលល្អ ក្នុងការប្រកួតក៏ដោយ ក៏ប្រភេទកីឡាលើកទម្ងន់កម្ពុជានៅតែមានក្តីសង្ឃឹមថានឹងអាចដណ្តើមកិត្តិយសជូនជាតិមាតុភូមិបានក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣តាមរយៈការបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីត្រៀមលក្ខណៈទាំងបច្ចេកទេសនិងការរៀបចំស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។លោកអគ្គលេខាធិការរងរូបនេះបន្តថា សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២២នេះ គឺកម្ពុជាមានកីឡាករ កីឡាការិនីចំនួន ៦នាក់ បានចូលប្រកួត ដើម្បីដកស្រង់បទពិសោធ ក្នុងការស្វែងយល់ពីការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានលទ្ធផលល្អប្រសើរជាងនេះ។ សហព័ន្ធនឹងស្នើសុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនចំនួនកីឡាករ កីឡាការិនី ឲ្យបានច្រើនជាងនេះ ដើម្បីត្រៀមខ្លួនហ្វឹកហាត់បំប៉នបច្ចេកទេស នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២២-២០២៣៕