កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោន។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងតាមរយៈកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) រវាងក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកបណ្ឌិត HIROSHI NISHIOKA តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) តាមរយៈវីដេអូពីចម្ងាយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

នាឪកាសនោះ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សារសំខាន់នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា Port EDI ក្នុងការជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព ពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជាផងដែរ។
ជាមួយគ្នានោះផងដែរ លោកបានអរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលតែងតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្ពុជា ដើម្បីឱ្យការធ្វើជំនួញតាមផ្លូវទឹកមានប្រសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំនោះដែរ ក្រសួងសាធារណការ ក៏បានលើកឡើងថា កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាម សមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។

លើសពីនេះទៀត ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយបានតភ្ជាប់ជាមួយ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរសាងសង់ផងដែរ៕


