រឿងរ៉ាវរបស់បេក្ខភាព បវរកញ្ញាចក្រវាឡកម្ពុជា សុគន្ធ ចរិយា ដែលពាក់ស្លាកលេខ ០៧ ខណៈកំពុងហាត់សមត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធី Miss Universe Cambodia ត្រូវបានបុរសម្នាក់អះអាងថាជាប្ដីចូលទៅឆាឆៅ និងថែមទាំងគំរាមដោយពាក្យធ្ងន់ៗទៀតផង ធ្វើឲ្យជួបភាពអាម៉ាសយ៉ាងខ្លាំង។
ក្រោយរងនូវហេតុការណ៍ភ្ញាក់ផ្អើលពេញបណ្ដាញសង្គមនេះ ធ្វើឲ្យកញ្ញា សុគន្ធ ចរិយា រងភាពអាម៉ាស និងទទួលការត្មះតិះដៀលពេញបណ្ដាញសង្គម នាងក៏បានចេញមុខបកស្រាយទាំងទឹកភ្នែក បកស្រាយគ្រប់បែបយ៉ាងណ ។ ក្នុងនោះកញ្ញា សុគន្ធ ចរិយា បានច្រានចោលទាំងស្រុងថា នាងមិនទាន់មានប្ដី ឬបានរៀបការដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល ឬ មានកូនអ្វីទាំងអស់ ជាមួយបុរសដែលបានចោទប្រកាន់នាងនោះ។ តែនាងទទួលស្គាល់ថានាង និង បុរសដែលបង្ហោះវីដេអូចោទនាងនោះ គឺធ្លាប់មានទំនាក់ទំនងជាសង្សារនឹងគ្នា ប៉ុន្តែពេលនេះបានចែកផ្លូវគ្នាដើររៀងខ្លួនហើយ។

តាមរយៈវីដេអូបកស្រាយរយៈពេល ២០នាទីជាង កញ្ញា សុគន្ធ ចរិយា ថែមបានបញ្ជាក់ថា បុរសដែលជាអតីតសង្សារបស់នាងនោះ ធ្លាប់ជេរប្រមាថមើលងាយនាងយ៉ាងខ្លាំង ដែលធ្វើឱ្យនាងរងការឈឺចាប់ជាពន់ពេករហូតសម្រេចចិត្តបែកផ្លូវគ្នាដើររៀងៗខ្លួន ។ ប៉ុន្តែមួយរយៈខ្លីចុងក្រោយ បុរសនោះបានព្យាយាមនិយាយត្រូវគ្នាវិញ តែនាងបដិសេធ ទើបធ្វើឱ្យគេខឹង ហើយថែមទាំងគំរាមសម្លាប់នាងទៀតផង ។

ចំពោះការលើកឡើងដែលថា កញ្ញា សុគន្ធ ចរិយា មានកូនជាមួយបុរសរូបនោះ គឺមិនមែនជាការពិតនោះទេ ព្រោះកន្លងមក បុរសម្នាក់ដែលបានទៅតាមរករឿងនាង ដល់កន្លែងប្រឡងនោះ ក៏ធ្លាប់មានប្រពន្ធ និងកូនរួចមកហើយ។ ប៉ុន្តែរូបគេបានលែងលះគ្នា ដាច់ស្រេចហើយ ដោយមានកូនចំនួនពីរនាក់ជាមួយប្រពន្ធដើម ។ ដូច្នេះពាក្យដែលបុរសខាងលើនិយាយថា នាងមានកូននោះ គឺជាកូនរបស់អតីតសង្សារបស់នាង មួយប្រពន្ធដើមរបស់គេនោះទេ ។

សូមបញ្ជាក់ថាកញ្ញា សុគន្ធ ចរិយា គឺជាបេក្ខភាព២០នាក់ចុងក្រោយក្នុងកម្មវិធី Miss Universe Cambodia ២០២២ ដែលត្រៀមប្រឡងវគ្គផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ព្យុះភ្លៀងដែលនាងបានឆ្លងកាត់លើកនេះជាបទពិសោធន៍សម្រាប់អ្នករៀបចំកម្មវិធីប្រលងសម្រស់នានា និងសាមីជាបេក្ខជន បេក្ខនារី ត្រូវមានការប្រុងប្រយ័ត្ន និងសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

ដោយឡែក ចំពោះបុរសខាងលើ ដែលបានបញ្ចេញវីដេអូបរិហារជាសាធារណៈនោះ នៅមិនទាន់ដឹងថា នឹងមានចំណាត់ការយ៉ាងណានោះទេ។ ប៉ុន្តែការណ៍នេះ ហាក់មិនមានចំណេញទាំងសងខាង ព្រោះដូចជាបើកទ្រួងឲ្យក្អែកចឹក ឬបាចអង្កាមបញ្ច្រាសខ្យល់ ដែលក្រៅពីនាំរឿងអាម៉ាសដល់បេក្ខនារី សុគន្ធ ចរិយា ហើយនោះ រូបលោកក៏ត្រូវមហាជនរិះគន់ដោយពាក្យសំដីជាច្រើនផងដែរ៕