Connect with us

ព័ត៌មានជាតិ

លោកស្រី Suely Saro ក្លាយជាពលរដ្ឋអាមេរិក ដើមកំណើតខ្មែរដំបូងគេ ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង Long Beach នៃរដ្ឋកាលីហ្វ័រញ៉ា

បរទេស៖ ក្រោយស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Suely Saro បានក្លាយជាពលរដ្ឋអាមេរិក ដើមកំណើតខ្មែរដំបូងគេបំផុត ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ទីក្រុង Long Beach នៃរដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋមានប្រជាជនខ្មែររស់នៅច្រើនជាងគេ នៅក្នុងសហរដ្ឋអាមេរិក។

លោកស្រី Suely Saro មានអាយុ ៤០ឆ្នាំ និងជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា (California State University) ក្នុងទីក្រុងឡូសអាន់ជែលែស បានចាប់កំណើតនៅឯជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីឪពុកម្ដាយរបស់លោកស្រី បានរត់គេចចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកស្រី បានតាមឪពុកម្ដាយមករស់នៅក្នុងតំបន់ Southern California នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយលោកស្រីបានរស់នៅក្នុងក្នុងទីក្រុង Long Beach ច្រើនជាងមួយទសវត្សរ៍មកហើយ។

នៅក្នុងកំឡុងពេលស្បថចូលកាន់តំណែង លោកស្រី Suely Saro បានលើកឡើងដូច្នេះថា «ការដែលបានក្លាយជាពលរដ្ឋអាមេរិក ដើមកំណើតខ្មែរដំបូងបំផុត ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាទីក្រុង Long Beach គឺជាមោទនភាពមួយ… មនុស្សជាច្រើនធ្លាប់ទុកពួកយើង (ប្រជាជនខ្មែរ) ជាប្រជាជនដែលត្រូវការជំនួយ និងជាជនរងគ្រោះ។ ប៉ុន្តែ ពួកយើងក៏មានភាពចម្រុះ ដូចសហគមន៍ដទៃទៀតដែរ ដោយយើងអាចក្លាយជាមន្ត្រីជាប់ឆ្នោត ឬជាសិល្បករ… ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវទទួលខុសត្រូវមិនត្រឹមតែចំពោះ ក្រុមគ្រួសាររបស់ខ្ញុំនោះទេ តែគឺដើម្បីសហគមន៍ទាំងមូល ដែលត្រូវបានការពារ និងការគាំទ្រ»។

គួរបញ្ជាក់ថា ប្រជាជនខ្មែរចន្លោះពី ៥០,០០០-៧០,០០០នាក់ កំពុងរស់នៅក្នុងទីក្រុង Long Beach។ អ្នកទាំងនេះភាគច្រើន គឺបានរត់គេចចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅក្នុងទឹកដីកំណើតរបស់ខ្លួន មកកាន់សហរដ្ឋអាមេរិក​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook