Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ផ្ញើលិខិតអបអរសាទរជូនឯកឧត្ដម ចូ បៃដិ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូន ឯកឧត្ដម ចូ បៃដិន ដែលបានជាប់ឆ្នោតជាប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក។

ក្នុងលិខិតចុះថ្ងៃទី ១៥ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយសដ៏ធំធេង និងសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះឯកឧត្ដម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦”។ សម្ដេចតេជោបន្តថា បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ឯកឧត្ដម គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាម៉េរិក។

សម្តេចតេជោមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្ដមជាប្រធានាធិបតី សហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោកមានស្ថិរភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្ដល់សារសំខាន់យ៉ាងធំធេង ដល់ការពង្រឹងនិងពង្រីក នូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។

សម្តេចតេជោបានបន្ថែមថា “ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្ដេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្ដម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត”។

សម្ដេចតេជោក៏បានថ្លែងបន្ថែមទៀតថា ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ខ្ញុំសូមជូនពរឯកឧត្ដមប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាលរបស់ឯកឧត្ដម សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្ដម ក្នុងការដឹកនាំប្រជាជាតិអាម៉េរិក។ សូមឯកឧត្ដមប្រធានាធិបតីជាប់ឆ្នោត មេត្តាទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook