Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងអំណរគុណដល់អង្គការ UNCTAD សម្រាប់ការឆ្លើយតបវិជ្ជមានចំពោះសំណើមួយចំនួនរបស់កម្ពុជា

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់អង្គការUNCTAD សម្រាប់ការ ឆ្លើយតបវិជ្ជមានចំពោះសំណើមួយចំនួនរបស់កម្ពុជា ដែលក្នុងនោះពាក់ព័ន្ធនឹងកិច្ចការគាំទ្ររបស់អង្គការ UNCTAD លើការ ចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ។

ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយ លោកស្រី Shamikar Sirimane ប្រធានផ្នែកបច្ចេកវិទ្យានិងភស្ដុភារកម្ម នៃសន្និសីទប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

ឯកឧត្តមរដ្ឋមន្ដ្រីបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNCTAD លើវិស័យមួយចំនួន ព្រមទាំងបាន ថ្លែងអំណរគុណការគាំទ្រនៃអង្គការ UNCTAD ដែលមានសារសំខាន់យ៉ាង ខ្លាំងសម្រាប់ ការ អភិវឌ្ឍន៍ របស់កម្ពុជា។

ឯកឧត្តមបានជម្រាបជូនអំពីច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលកម្ពុជាបាន អនុម័តនៅឆ្នាំ ២០១៩ កន្លងទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់អង្គការ UNCTAD ដែលបានជួយគាំទ្រកម្ពុជា ក្នុងវិស័យ E-Commerce តាមរយៈការបង្កើត eTrade Readiness Assessment ក្នុងឆ្នាំ២០១៧ ដែលផ្តល់ជូនដល់កម្ពុជា នូវយុទ្ធសាស្ត្រ E-Commerce ដែលត្រូវបាននិង កំពុងអនុវត្តរួម គ្នាជាមួយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥។

ទន្ទឹមនឹងនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងគោលនយោបាយ ពាណិជ្ជកម្មពាក់ព័ន្ធនឹង ភាពអនុគ្រោះពាណិជ្ជកម្ម និងវិធានប្រភពដើមទំនិញ ព្រមទាំងបញ្ហាអនាម័យ និងភូតគាមអនាម័យផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់នៃការគាំទ្ររបស់អង្គការ UNCTAD លើការអនុវត្តន៍គម្រោង ASEAN LDC Trade Policy ដែលអាចជួយឱ្យកម្ពុជាអនុវត្តវិធានបន្ថែមក្នុងតំបន់ (regional cumulation) ដោយ មិនមាន ឧបសគ្គ ជាពិសេសចំពោះ មុខទំនិញវាយនភ័ណ្ឌ និងទោចក្រយាន ដែលស្ថិតក្នុងចំណោម ទំនិញនាំ ចេញ សំខាន់ៗ របស់កម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់អំពី ការវិវត្តន៍ល្អប្រសើរនៃការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និង ប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា ដែលគាំទ្រដោយអង្គការ UNCTAD, EIF និង Global Alliance for Trade Facilitation ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook