បន្ទាប់ពីបានឆ្លងកាត់វិញ្ញាសាជាច្រើន នៅទីបំផុតកម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២២ រកឃើញម្ចាស់ជយលាភីលេខ១ហើយ នោះគឺនារីដ៏ស្រស់ស្អាតកញ្ញា ហង្ស ម៉ានីតា ។ ម៉ានីតា បានក្លាយជាម្ចាស់មកុដដែលមានតម្លៃ១៨ម៉ឺនដុល្លារអាមេរិក។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ល្ងាចមិញនេះ គឺជាពេលវេលាដ៏ព្រឺព្រួចមួយសម្រាប់អ្នកគាំទ្រការប្រកួតកម្មវិធីសម្រស់បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២២ ឬ Miss Universe Cambodia 2022 ព្រោះនៅថ្ងៃម្សិលមិញនេះ គឺថ្ងៃផ្ដាច់ព័ត្រដែលត្រូវបង្ហាញពីមុខមាត់ពិតរបស់ម្ចាស់ជយលាភីលេខ១ និងជាម្ចាស់មកុដដែលមានតម្លៃ១៨ម៉ឺនដុល្លារនោះ ។ យ៉ាងណាក្រោយឆ្លងកាត់ការសម្រិតសម្រាំងអស់រយៈពេលជាច្រើនម៉ោងនៅវគ្គផ្ដាច់ព្រ័ត ទីបំផុតកម្មវិធីលំដាប់ពិភពលោកមួយនេះ ក៏បានរកឃើញម្ចាស់មកុដជាផ្លូវការណ៍ និងជានារីស្រស់ស្អាតបំផុតនោះ គឺកញ្ញា ហង្ស ម៉ានីតា ។
ជាកត់សម្គាល់ ក្រៅពីសម្រស់ ហង្ស ម៉ានីតា ត្រូវបានមហាជនទទួលស្គាល់ថា មានទាំងសមត្ថភាពដែលអាចឈរនៅលើឆាកអន្តរជាតិតំណាងឱ្យជាតិកម្ពុជា ព្រោះបេក្ខនារីដែលមកពីរាជធានីភ្នំពេញរូបនេះ មានចំណេះដឹងអាចនិយាយបានរហូតដល់ទៅ៣ភាសា ។ ហើយទាំងអស់នេះបានជួយឱ្យកញ្ញា ហង្ស ម៉ានីតា ទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា និងគណកម្មការនៅវគ្គជម្រុះកាលពីពេលកន្លងមក ។ ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រយប់មិញនេះ ម៉ានីតា ក៏នៅតែធ្វើបានយ៉ាងល្អ ហើយក៏ទទួលបានជោគជ័យ និងក្លាយជាម្ចាស់មកុដតម្លៃ១៨ម៉ឺនដុល្លារ ។ ហើយទន្ទឹមនឹងជ័យជម្នះដ៏ធំធេងនោះ ហង្ស ម៉ានីតា ត្រូវបានសាទរយ៉ាងច្រើនកុះករ ។
គួរបញ្ជាក់ថា បន្ទាប់ពីបានរកឃើញម្ចាស់មកុដតម្លៃ១៨ម៉ឺនដុល្លារ Miss Universe Cambodia 2022 ក៏បានបង្ហាញម្ចាស់ជលាភីពីររូបទៀត ដោយក្នុងនោះបេក្ខនារី ហេង ប៊ូនីកា ទទួលបានជយលាភីលេខ២ និងលេខ៣បានទៅលើកីឡាការិនីការ៉ាតេដូកញ្ញា រតនា សុខាវត្តី ។
សូមរំលឹកថា គិតចាប់តាំងពីឆ្នាំ២០១៨មក ការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា Miss Universe Cambodia បានរកឃើញម្ចាស់ជយលាភី៥ជំនាន់មកហើយ ដោយក្នុងនោះមានកញ្ញា រឿន ណាត ជាបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៩ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ និងកញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ និងឆ្នាំ២០២២បានទៅលើកញ្ញា ហង្ស ម៉ានីតា ដែលទើបតែឆ្លងការប្រកួតវគ្គផ្ដាច់ព្រ័តយប់មិញនេះ ៕


