Connect with us

ព័ត៌មានជាតិ

ជប៉ុន ប្រកាសផ្ដល់ជំនួយឥតសំណងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខេត្តសំខាន់ៗ ៣

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្មីៗនេះ សម្រេចផ្ដល់ជំនួយឥតសំណងជិត ៤០ ម៉ឺនដុល្លារ បន្ថែមទៀត ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៣ រួមមាន កោះកុង កំពង់ឆ្នាំង និងមណ្ឌលគិរី។ នេះបើយោងតាមសារព័ត៌មានAKP ដែលដកស្រង់ខ្លឹមសារចេញពីសេចក្ដីប្រកាសរបស់ស្ថាតទូតជប៉ុន។

ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ជាង ១៩ ម៉ឺនដុល្លារនឹងត្រូវប្រើដើម្បីលើកកម្ពស់គុណភាពផ្លូវនៅឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដោយឡែក ទឹកប្រាក់ជាង ៩ ម៉ឺនដុល្លារនឹងប្រើដើម្បីស្ដារប្រព័ន្ធធារាសាស្រ្តនៅខេត្តកំពង់ឆ្នាំង ហើយជាង១០ម៉ឺនដុល្លារទៀត ប្រើសម្រាប់ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធវិស័យកសិកម្មនៅស្រុកកោះញែក និងក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី។

ជំនួយហិរញ្ញវត្ថុនេះ នឹងត្រូវផ្តល់ជូនទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី តាមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុនហៅថា Grant Assistance for Grassroots Human Security Projects។

ក្រៅពីជំនួយខាងលើនេះ ជប៉ុនកំពុងផ្ដល់ជំនួយឥតសំណង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញចំនួន ៧ នៅខេត្តព្រៃវែង និងក្រចេះ ដែលជាតំបន់កំពុងប្រឈមនឹងទឹកជំនន់ផងដែរ។

គួរបញ្ជាក់ផងដែរថា មកទល់បច្ចុបន្ន ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook